រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីការប្រមូលពន្ធឈ្នួលផ្ទះ និងដី

10-09-2019 9:32 am 156

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង អំពីការប្រមូលពន្ធឈ្នួលផ្ទ និងដី ខណៈមានម្ចាស់អចលនទ្រព្យមួយចំនួន បានគេចវេសមិនព្រមបំពេញកាតព្វកិច្ចបង់ពន្ធ ឲ្យបានត្រឹមត្រូវតាមច្បាប់​កំណត់នៅ​ឡើយ។  

សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹង ថា យោ​ងតាមច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើដោយ​ព្រះរាជក្រមលេខ០២ នស ចុះថ្ងៃទី២៨  ខែធ្នូ ឆ្នាំ១៩៩៣ និងប្រកាសលេខ០១២១ ប្រក.សហវ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ដីពីការគ្រប់គ្រងប្រមូលពន្ធលើឈ្នួលផ្ទះ និងដី បានតម្រូវឲ្យប្រជាព​ល​រដ្ឋ ដែលជា​ម្ចា​ស់​កម្មសិទ្ធិត្រូវបង់ពន្ធអាករ លើការជួលអចលនទ្រព្យ(ផ្ទះ ឬដី) តាមច្បាប់និងបទប្បញត្តិរបស់ពន្ធដា។

សេចក្ដីជូនដំណឹងដដែល បានឲ្យដឹងទៀត ថា មកដល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន បានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ច សារពើពន្ធបានត្រឹមត្រូវតាមច្បាប់កំណត់ ប៉ុន្តែក៏នៅមានម្ចាស់​អចលនទ្រព្យ​មួយចំនួន បានគេចវេសមិនព្រមបំពេញកាតព្វកិច្ច ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់នៅឡើយ។ ដើម្បីជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ រដ្ឋបាល​ខេត្តសូមអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលបានជួលទាំងអស់ត្រូវតែបំពេញកាតព្វកិច្ច សារពើពន្ធឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នៅសាខាពន្ធដារខេត្តព្រះសីហនុ ចាប់ពីពេលជូនដំណឹងនេះ រហូតដ​ល់​ដំណាច់ខែតុលា ឆ្នាំ២០១៩ខាងមុខ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ ថា  ចំពោះម្ចាស់អចលនទ្រព្យជួល (ផ្ទះ ឬដី) គេចវេសមិនព្រមបំពេញកាតព្វកិច្ច សារពើពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ នឹងត្រូវទទួលរងនូវទោសទណ្ឌ ដែលមានចែង​ក្នុង​ច្បាប់ស្ដីពីពន្ធដារ និងវិធានការនានាស្របតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ ថា ម្ចាស់អចលនទ្រព្យ ដែលបានជួលទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្ត តាមសេចក្ដីជូន​ដំណឹង​នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

 

 

ព័ត៌មានផ្សេងទៀត