រដ្ឋបាល​ខណ្ឌឫស្សីកែវ​សម្រេច​អោយ​អាជីវករ​បញ្ឈប់​ការលក់ដូរ​នៅមុខ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​

09-09-2019 5:01 pm 176
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការបញ្ឈប់​ការលក់ដូ​រលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ ៥ ខាងមុខ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី និង​សួង​ច្បារ​សូគីម៉ិច ដែល​ស្ថិតនៅក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បានបញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ សម្រេច​អោយ​បញ្ឈប់​រាល់​ការលក់ដូរ​របស់​បង​ប្អូន​ប្រជា​ពល រដ្ឋ នៅលើ​ចិញ្ចើម​ផ្លូវជាតិ​នេះ ដោយសារតែ​ការលក់ដូរ​បច្ចុប្បន្ន ពុំ​មាន​របៀបរៀបរយ ដោយ​មិន បាន រៀបចំ​អនាម័យ​អោយបាន​ត្រឹមត្រូវ ។​មួយវិញទៀត​ការលក់ដូរ​បំពាន​លើ​សួនច្បារ និង​ការ៉ូឡា ជា ពិសេស​បង្ក​ការកកស្ទះ​ចរាចរ និង​ឈាន​ដល់​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​អ្នកធ្វើដំណើរ​។ ជាង​នេះ ទៅទៀត​គឺ ដើម្បី​លើកកម្ពស់​សោភ័ណ្ឌភាព​រាជធានី​ភ្នំពេញ រក្សាបាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ អនាម័យ និង​បរិស្ថាន​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​មក​ហាត់ប្រាណ និង​កំសាន្ត​នៅទីនេះ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់បន្ថែម​ថា កន្លង​មក​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ក៏​ធ្លាប់បាន​អញ្ជើញ​អាជីវករ​ទាំងអស់​មក​ណែនាំ​ជាច្រើនលើក​ហើយ​ដែរ ប៉ុន្តែ​បងប្អូន​ដែល​ជា​អាជីវករ​មិនបាន​អនុវត្ត​តាម​ការណែនាំ​ឡើយ​៕ 

ព័ត៌មានផ្សេងទៀត