ក្រុមហ៊ុន​ចិន​មួយ​បោះទុន​ជាង​$១​លាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា​នៅ​កំពត​

09-09-2019 4:28 pm 285
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឱកាស​អញ្ជើញ​ចុះ​បំពេញ​បេសកកម្ម​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​៨ កញ្ញា នា​ខេត្តកំពត ប្រធាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ហ្គ្រេ​ន ហុង យាន អេ​ឃ្វើខ​ល​ឈ័រ (​ខេ​ម​បូឌា​) បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក​បាន​បោះទុន​ជាង​១​លាន​ដុល្លារ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា ខណៈ​អាជីវកម្ម​នេះ កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាក​ពិសោធន៍​នៅឡើយ...

​ប្រធាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ហ្គ្រេ​ន ហុង យាន អេ​ឃ្វើខ​ល​ឈ័រ (​ខេ​ម​បូឌា​) ឯ​.​ក បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក បាន​បោះទុន​វិនិយោគ​ចំនួន​ជាង​១​លាន​ដុល្លារ​អាមេរិក ដោយ​រួមទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ សម្រាប់​អភិវឌ្ឍ​កសិដ្ឋាន ។​

​បើ​តាម​លោក សុ​ប សារា​ប៊ុ​ទ្ទី បានឱ្យដឹងថា ក្រុមហ៊ុន ហ្គ្រេ​ន ហុង យាន អេ​ឃ្វើខ​ល​ឈ័រ (​ខេ​ម​បូឌា​) ឯ​.​ក ជា​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​បង្គា ក្នុង​អាង​ផ្លា​ស្ទិក មាន​ទីតាំង​នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​លោក​ថា បច្ចុប្បន្ន កសិដ្ឋាន​បាន​យក​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន​ក្នុង​ការសាងសង់​, ចិញ្ចឹម​, ផ្តល់​ចំណី​, គ្រប់គ្រង​, ប្រើប្រាស់​ទឹក និង​សម្អាត​ទឹក​ជាដើម ខណៈ​អាជីវកម្ម​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ពិសោធន៍​ពូជ​, ទឹក​, ចំណី និង​លក្ខខណ្ឌ​ចិញ្ចឹម ។​

​លោក​បន្តថា បច្ចុប្បន្ន​កសិដ្ឋាន​មាន​អាង​ចិញ្ចឹម​ចំនួន​៣៤​អាង ។ ការចិញ្ចឹម​ត្រូវ​ចំណាយពេល​៣​ខែ ទើប​បង្គា​គ្រប់​ទម្ងន់​តាម​ស្តង់ដារ​ទីផ្សារ ដោយ​ក្នុង​មួយ​គីឡូក្រាម​មាន​បង្គា​ចាប់ពី​៣០-៣៥​ក្បាល ហើយ​ទទួលបាន​តម្លៃ​ចាប់ពី​៤-៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ថ្លែងថា ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​នេះ ពិតជា​បាន​ចូល​រួមចំណែក​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ ពិសេស​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​តាម​អភិក្រម «​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​កសិកម្ម​» ៕

ព័ត៌មានផ្សេងទៀត