ករណី​ចាកចេញ​​ពី​អឺរ៉ុប​​នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​នៅតែ​តស៊ូ​​ដើម្បី​ធ្វើតាម​​សន្យា​

09-09-2019 3:52 pm 255
នាយករដ្ឋមន្ដ្រីអង់គ្លេស​លោកBoris Johnson

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​Boris Johnson ក្រោយពី​ប្រឈម​បញ្ហា​ផ្ទួនៗ​កន្លងមក លោក​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ការពារ​តួនាទី​និង​ការងារ​របស់លោក​។ ប្រសិនបើ​លោក​នៅតែ​ខ្វែងគំនិត​ជាមួយ​សមាជិកសភា​ទៀត លោក​ប្រហែលជា​មិនអាច​បន្ដ​កាន់តំណែង​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បានយូរ​ទេ មួយវិញទៀត​កិច្ចការ​ដឹកនាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​ក៏​មិន​សង្ឃឹម​ទទួលលទ្ធផល​ជោគជ័យ​ដែរ​។ 

​នាយករដ្ឋមន្ដ្រី​ថ្មីថ្មោង​អង់គ្លេស​វ័យ​៤៦​ឆ្នាំ​រូបនេះ​កាលពី​សប្ដាហ៍​មុន បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ​ភាគច្រើន​ពី​សមាជិកសភា ទៅលើ​យុទ្ធសាស្ដ្រ​នាំយក​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ការបោះឆ្នោត​ទទួល​សំឡេង​ប្រឆាំង​ច្រើនជាង​សំឡេងគាំទ្រ ហើយ​រឿង​ដែល​ហួសចិត្ដ​សូម្បី​សមាជិក​សភា​គណបក្ស​របស់លោ​ក​ផ្ទាល់​ក៏​ប្រឆាំង ហើយ​ទៅ​ចូល​ដៃ​ជាមួយ​គណបក្សប្រឆាំង​ដើម្បី​បង្កើត​សេចក្ដីព្រាងច្បាប់​សុំ​ពន្យារពេល​ចេញពី​អឺរ៉ុប​ទៅវិញ​។ ទីបំផុត​សេចក្ដីព្រាងច្បាប់​សុំ​ពន្យារពេល​បី​ខែ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​គឺ​ត្រូវ​ពន្យារពេល​រហូតដល់​ចុងខែ​មករា​ឆ្នាំ​២០២០​ឯណោះ​។​

​ស្ថានការណ៍​កំពុង​តានតឹង​ខ្លាំង ធ្វើឲ្យ​លោក​នាយករដ្ឋមន្ដ្រី​Johnson​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ នាំយក​អង់គ្លេស​ចាកចេញ​ឲ្យបាន​នៅត្រឹម​ថ្ងៃទី​៣១​ខែតុលា​ខាងមុខ​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​លោក​គឺ​ចង់​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​មួយ​នៅ​ថ្ងៃទី​១៥​ខែតុលា ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​។ ប៉ុន្ដែ​ករណីនេះ​ក៏​កំពុង​ប្រឈម​ឧបសគ្គ​ខ្លាំង​ដែរ ដោយសារ​លោក​ត្រូវការ​សំឡេងគាំទ្រ​ពីរភាគបី​ក្នុង​សភា គឺ​ត្រូវការ​ការគាំទ្រ​ពី​គណបក្សប្រឆាំង​ខ្លះ ខណៈ​មាន​គណបក្សប្រឆាំង​ចំនួន​បួន​បាន​ចេញមុខ​ជំទាស់​រួចហើយ​។ ភាពមិនប្រាកដប្រជា​កំពុង​បន្ដ​កើតឡើង​ដដែល សម្រាប់​បន្ដ​កិច្ចការ​ឲ្យទទួល​ជោគជ័​យ​។​

​បើតាម​មន្ដ្រីជាន់ខ្ពស់​ពីរ​នាក់​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី បាន​ចេញមុខ​ច្រានចោល​ពាក​្យចចាមអារ៉ាម​ដែលថា លោក​Johnson​គ្មាន​ជម្រើស​អ្វី​ឡើយ​ក្រៅតែពី​ចុះ​ចេញពី​តំណែង​។ មន្ដ្រីជាន់ខ្ពស់​ទាំងពីរ​រូប​បាន​និយាយ​ការពា​រលោក​Johnson​ថា លោក​ពិតជា​មាន​គោលបំណង​ច្បាស់លាស់​បន្ដ​តាម​សន្យា គឺ​ដឹកនាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​ឲ្យបាន​ពុំ​ចាំបាច់​ពន្យារពេ​លដោយ​ស្របច្បាប់​អី​ទេ​។ មន្ដ្រី​ដដែល​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា រដ្ឋាភិបាល​នឹងមិន​រំលោភ​លើ​ច្បាប់​ដាច់ខាត រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ឈរលើ​គោលការណ៍​ដែល​កំពុង​ប្រកាន់ខ្ជាប់​៕

ព័ត៌មានផ្សេងទៀត