ហុងកុង​​ព្រមាន​ពី​​ការជ្រៀតជ្រែក​​របស់​បរ​ទេស​​ក្រោយ​បាតុករ​​ស្នើឲ្យ​អាមេរិ​ក​ជួយ​

09-09-2019 2:51 pm 323

​រដ្ឋាភិបាល​ហុងកុង​បានចេញ​ការព្រមាន​មិនឲ្យ​បរទេស ចូល​ជ្រៀតជ្រែក​ឬ​ប្រឆាំងនឹង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​ឡើយ បន្ទាប់ពី​ក្រុមបាតុករ​រាប់ពាននាក់​បាន​ប្រមូល​ផ្ដុំគ្នា​ខាងក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​កាលពី​ថ្ងៃអាទិត្យ ជំរុញ​ឲ្យ​សភា​ហុងកុង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​។ ក្រុមបាតុករ​បានដាក់​របាំង​ការពារ បាន​ដុត​ភ្លើង​នៅតាម​ដងផ្លូវ រួមទាំង​បាន​ប្រមូលផ្ដុំ​នៅ​ស្ថានីយ​រថភ្លើង​ផងដែរ ខណៈ​បង្ហាញ​ការគាំទ្រ​ដល់​ក្រុម​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​។ 

អ្នកតំណាង​អាមេរិក​លោក​Jim McGovern​បាន​និយាយថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិមនុស្ស គាំទ្រ​ប្រជាជន​ហុងកុង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​ការពារ​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​នា​ថ្ងៃទី​០៩​ខែកញ្ញា​នេះ រដ្ឋាភិបាល​ហុងកុង​បាន​និយាយថា ឆ្លើយតប​នឹង​ក្បួនព្យុហយាត្រា​របស់​ក្រុមបាតុករ ទៅកាន់​ស្ថាន​កុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង​ហុងកុង ដែល​អំពាវនាវ​ឲ្យមាន​ការអនុម័ត​ច្បាប់​សិទ្ធិ​មនុស្សនិង​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ហុងកុង​ពិតជា​សោកស្ដាយ​ជាខ្លាំង​។ បរទេស​មិនគួរ​ជ្រៀតជ្រែក​ក្នុង​ទម្រង់​ណាមួយ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​ឡើយ​។​

​រដ្ឋាភិបាន​ហុងកុងក៏​បាន​ថ្កោលទោ​ស​ចំពោះ​សកម្មភាព​ក្រុមបាតុករ​នៅ​ស្ថានីយ​រថភ្លើង​ផងដែរ ព្រោះ​ដោយសារតែ​ពួកគេ​ចូលទៅ​រំខាន​បានធ្វើឲ្យ​ស្ថានីយ​រថភ្លើង​ជាច្រើនត្រូវ​បិទទ្វារ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចុះផ្សាយ​ថា ហុងកុង​គឺជា​ផ្នែក​មួយ​របស់​ចិន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ការធ្វើ​អន្ដារគមន៍​នឹងមិន​ទទួលជោគជ័យ​ដាច់ខា​ត​។​

​ភាពចលាចល​នៅ​ហុងកុង បានអូសបន្លាយ​អស់​រយៈពេល​ជាង​៣​ខែ​ហើយ បន្ទាប់ពី​ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ហុងកុង ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ការតវ៉ា​ភាគច្រើន​តែងតែ​ធ្វើឡើង​រៀងរាល់​ចុង​សប្តាហ៍ ហើយ​អំពើហិង្សា​ក៏​កើតឡើង​ជា​ញយ​ដង​។ ដើម្បី​បញ្ចប់​ការតវ៉ា មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បានសម្រេច​បោះបង់ចោល​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែលជា​ដើមចម​បញ្ឆេះ​ភាពវឹកវរ​នៅក្នុង​ទីក្រុង តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩​មក​។ ប៉ុន្តែ​សម្រាប់​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​និយាយថា ការ​សម្បទាន​របស់លោក​ស្រី​ឡា​ម គឺមាន​តិចតួច​និង​យឺត​ពេល​ទៅហើយ​។ ប្រជាជន​ហុងកុង​ជាច្រើន​ភ័យខ្លាច​ក្រុង​ប៉េកាំង​លុបបំបាត់​ស្វ័យភាព​នៃ​ដែនដី​ហុងកុង ដែល​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រងនៅ​ឆ្នាំ​១៩៩៧៕

ព័ត៌មានផ្សេងទៀត