ក្រសួង​ទេសចរណ៍​ និង​អភិបាលខេត្ត​កំពង់ធំ​ រួមគ្នា​អភិវឌ្ឍន៍​សិប្បកម្ម​គ្រាប់ស្វាយចន្ទី ​និង​តម្បាញ​វល្លិ​រពាក់​​

09-09-2019 2:45 pm 120

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ឯកភាពគ្នា​ប្ដេជ្ញា​ជំរុញ​ការអភិវឌ្ឍ​សិប្បកម្ម​ផលិត​គ្រាប់ស្វាយចន្ទី និង​តម្បាញ​វល្លិរ​ពាក់​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ជួយ​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​។​ការប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជា​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃ​គុក កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​កញ្ញា​។​

​នាឱកាស​នោះ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បាន​លើកឡើងថា សហគមន៍​បក​គ្រាប់ស្វាយចន្ទី នៅមាន​សកម្មភាព​មក​ដល់ពេល​បច្ចុប្បន្ននេះ បាន​ជួយ​បណ្តុះបណ្តាល​ដល់​សហគម​ន៍​ជាច្រើន ដូចជា​នៅ​ខេត្ត​ព្រះវិហារ រតនគិរី និង​ខេត្តកំពង់ធំ​ជាដើម​។​

​ជាមួយគ្នា​នោះ ក៏​មានការ​មក​បណ្តាក់​ទុន​ចូលមក​សមាគមន៍ ឱ្យ​បក​គ្រាប់ស្វាយចន្ទី​ជា​បន្តបន្ទាប់​។ ដោយពេល​ថ្មីៗ​នេះ​ក៏មាន​កិច្ចសន្យា​បក​គ្រាប់ស្វាយចន្ទី​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ថៃ​ផងដែរ​។ លោក​បន្តថា ទោះបី​មានលទ្ធភាព​អាច​បក​គ្រាប់ស្វាយចន្ទី ប៉ុន្តែ​សមាគមន៍​នៅមាន​ការខ្វះខាត​ទុន​សម្រាប់​ការទិញ​គ្រាប់​ស្តុក​ទុក​ក្នុង​ឃ្លាំង ដើម្បី​ដំណើរកា​របក​គ្រាប់ស្វាយចន្ទី​នេះ​នៅឡើយ​។​ទន្ទឹមនឹងនោះ​ដែរ តំណាង​ប្រជា​សហគមន៍​ក៏​បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរការ​សិប្បកម្ម​ខាងលើ​ផងដែរ​។​

​ក្រោយពី​ស្ដាប់​បាន​នូវ​របាយការណ៍ និង​ការលើកឡើង​របស់​ប្រជា​សហគមន៍​រួចមក លោក​ថោង ខុន បានចេញ​ដំណោះស្រាយ​ភ្លាមៗ ដោយ​បញ្ជា​ទៅ​មន្ត្រី​ជំនាញ​ដែល​រួមមាន​លោក​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ត្រូវ​ចុះជួយ​សម្រួល​មធ្យោបាយ​ជូន​ប្រជា​សហគមន៍ ហើយ​ការងារ​ចំពោះមុខ​បញ្ហា​នេះ គឺ​ខ្វះ​ទុនវិនិយោគ ដើម្បី​ពង្រីក​សកម្មភាព​សិប្បកម្ម​បន្ថែម​។​

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ឯកភាពគ្នា​ជាមួយ​លោក​សុខ លូ នៅ​ចំពោះមុខ​ប្រជា​សហគមន៍ ដោយ​ប្ដេជ្ញា​ជំរុញ​ការអភិវឌ្ឍ​សិប្បកម្ម​ផលិត​គ្រាប់ស្វាយចន្ទី​នេះ ឱ្យបាន​សម្រេច​ជា​ផ្លែផ្កា​។​ចំពោះ​សិប្បកម្ម​តម្បាញ​រពាក់​វិញ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លើកឡើងថា នៅមាន​សកម្មភាព​ដំណើរការ​ជាប្រចាំ ប៉ុន្តែ​បច្ចុប្បន្ននេះ​វត្ថុធាតុដើម​ក្នុង​ការផលិត​កាន់តែ​តិច​ទៅៗ ធ្វើឱ្យមាន​ការលំបាក​ដល់​ដំណើរការផលិត​។ បញ្ហា​នេះ​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​រដ្ឋមន្ត្រី និង​អភិបាលខេត្ត​ផងដែរ​។​

​លោក​ថោង ខុន ក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​ខិតខំ​ដាំ​ដើម​រពាក់ ដើម​ឫស្សី​ឱ្យបាន​ច្រើន​ឡើងវិញ ដើម្បី​ទុក​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​ផលិតផល​តម្បាញ​នានា​។​ក្រៅពីនោះ លោក​ថោង ខុន និង​លោក​សុខ លូ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ចំពោះ​សិប្បកម្ម​ផលិត​ស្ករត្នោត ទឹក​សណ្តែក តម្បាញ​ក្រមា​សូត្រ ផ្ទះ​ស្នាក់ និង​សេវា​លក់​ម្ហូបអាហារ​ជាដើម​៕

 

ព័ត៌មានផ្សេងទៀត