អូរ​រំដោះ​ទឹកធម្មជាតិ​ចំនួន​៥​នៅ​ព្រះសីហនុ​រង​ការខូចខាត​ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​

09-09-2019 2:14 pm 226
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យមើល​ការកាយ​អូរ ប្រឡាយ​ធម្មជាតិ ដើម្បី​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​នេះ លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បានឱ្យដឹងថា អូរ​ធម្មជាតិ​ចំនួន​៥ ត្រូវ​បាន​រង​ខូចខាត​ពី​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ  ។ លោក​ឱ្យដឹង​បន្តថា ក្រសួង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចេញ​គ្រឿងចក្រ កាយ​ប្រព័ន្ធ​លូ​ដែល​កកស្ទះ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ឱ្យបាន​ឆាប់ ...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​បានឱ្យដឹងថា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគជាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក បានធ្វើឱ្យ​ក្រុងព្រះសីហនុ​ទទួលរង​នូវ​ការគំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផ្សេងៗ បាន​ទទួលរង​នូវ​ការខូចខាត​យ៉ាងដំណំ ។​

​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការកាយ​អូរ ប្រឡាយ​ធម្មជាតិ នា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៩ កញ្ញា លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា បរិមាណ​ទឹកភ្លៀង​ដ៏​ច្រើន​លើសលប់​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​បង្ក​ឱ្យ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​កកស្ទះ និង​ធ្វើឱ្យ​អូរ​ធម្មជាតិ​សម្រាប់​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់​ចំនួន​៥ រួមមាន អូរ​ឈើទាល​, អូរ​សំអាត​, អូរអណ្តូង​អ៊ុនតាក់​, អូរ​ស្ពាន​ឆេះ និង​អូរ​អេ​ម៉ារី​អូ បានរួម​តូច ដោយសារ​ការបែកបាក់​, ការកកស្ទះ​ដោយសារ​សំរាម និង​ដី ក៏ដូចជា ដោយសារ​ការសាងសង់​សំណង់​អគារ​រំលោភ​ចូលក្នុង​ដី​អូរ​ជាដើម ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្រសួង​ត្រៀម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចេញ​គ្រឿងចក្រ កាយ​ប្រព័ន្ធ​លូ​ដែល​កកស្ទះ​ឱ្យបាន​ធំ ងាយស្រួល​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ឱ្យបាន​ឆាប់ ចៀសវាង​ប៉ះពាល់​ផ្លូវថ្នល់ ស្ទះ​ចរាច​រណ៍ និង​បង្ក​ឱ្យ​ពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​គម្រោង​ហិរញ្ញប្បទាន​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក និង​ពី​វិស័យ​ឯកជន​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​គម្រោង​ស្តា ជួសជុល និង​ថែទាំ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​២២​ខ្សែ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ៕

ព័ត៌មានផ្សេងទៀត