បាក់​ឌុប​ឆ្នាំ​២០១៩ មាន​បក្ខជន​ប្រឡង​ជាប់​ជិត ៨​ម៉ឺន​នាក់​

09-09-2019 1:50 pm 295

​ចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន ៧៩,០៥២​នាក់​(​ត្រូវជា ៦៨.៦២%) ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំងអស់ បេក្ខជន​ដែល​ទទួលបាន​និទ្ទេស​A​ចំនួន ៤៤៣​នាក់ ,​និទ្ទេស B មាន​ចំនួន ២,៤៣០​នាក់​,​និទ្ទេស C មាន​ចំនួន ៥,៨៤៧​នាក់​,​និទ្ទេស D មាន​ចំនួន ១៤,១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦,២៣២​នាក់​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​ឲ្យដឹង​បន្ថែម​ថា ក្នុងចំណោម​បេក្ខជន​ទទួលបាន​និទ្ទេស A​ចំនួន ៤៤៣​នាក់​នោះ គឺ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១៤១​នាក់​,​ខេត្តសៀមរាប ៣៨​នាក់​,​បាត់ដំបង ៣២​នាក់​,​តាកែវ ២៩​នាក់​,​កំពង់ចាម ២៧​នាក់​,​ព្រៃវែង ២៧​នាក់​,​បន្ទាយមានជ័យ ២៥​នាក់​,​កណ្តាល ២៣​នាក់​,​កំពត ២៣​នាក់​,​ត្បូងឃ្មុំ ១៥​នាក់​,​កំពង់ធំ ១៤​នាក់​,​ព្រះសីហនុ ១៣​នាក់​,​ស្វាយរៀង ៨​នាក់ ,​ពោធិ៍សាត់ ៧​នាក់​,​កំពង់ឆ្នាំង ៦​នាក់​,​កំពង់ស្ពឺ ៦​នាក់​,​ក្រចេះ ៤​នាក់​,​រតនគិរី ២​នាក់​,​កោះកុង ១​នាក់ មណ្ឌលគិរី ១​នាក់ និង​ឧត្តរមានជ័យ ១​នាក់​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​អប់រំ ក៏​បាន​បញ្ជាក់បន្ថែម​ថា បើ​ប្រៀបធៀប​ចំនួន បេក្ខជន​ដែល​ប្រឡង​ជាប់ ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​មាន​ភាគរយ​ខ្ពស់​ជាង​ឆ្នាំ​២០១៨ ហើយ​ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៤០៨​នាក់​,​និទ្ទេស B ២,២២២​នាក់​,​និទ្ទេស C ៦,០៤១​នាក់​,​និទ្ទេស D ១៥,១៨០​នាក់ និង​និទ្ទេស E ៥២,១៨៣​នាក់​។​

​គួរ​បញ្ជាក់ដែរថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​២០១៩​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី ១៩-២០ ខែ​សីហា ដែល​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧,០៤៣​នាក់ ចែកចេញ​ជា ២០២​មណ្ឌល ដែល​ក្នុងនោះ​៩០,៩៦៦​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ ។​ចំណែក​បេក្ខជនស្វៃរិន មាន​ចំនួន ១៨,៤៥៧​នាក់​,​បេក្ខជន​បំពេញវិជ្ជា ចំនួន ៤,៥៦៤​នាក់ និង​បេក្ខជនស្វៃរិន​បំពេញ​វិជ្ជា មាន​ចំនួន ៣,០៥៦​នាក់​។​ដោយឡែក​ក្នុង​ការប្រឡង​នេះដែរ ក៏​មាន​បេក្ខជន អវត្តមាន​ចំនួន ១,៨៣៥​នាក់​ផង​ដែរ​៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត