ផ្លូវជាតិ​លេខ​៣​ត្រូវ​បាន​សិក្សា​បច្ចេកទេស​ឡើងវិញ​ក្រោយ​រង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

09-09-2019 1:19 pm 215
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​កាលពី​ម្សិលមិញ​ថា ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​បាន​ធ្វើ​ការសិក្សា​បច្ចេកទេស​ជួសជុល​ឡើងវិញ បន្ទាប់​ពី​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​មាន​ការខូចខាត​យ៉ាងដំណំ ...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​បានបញ្ជាក់​ថា ផ្លូវ​ជា​ច្រើន​បាន​ខូចខាត​ដោយសារ​ភ្លៀង​ធ្លាក់​ជោគជាំ​ជាច្រើន​ថ្ងៃ ហើយ​តំបន់​ខ្លះ​មាន​ប្រភេទ​ដី​ទន់ ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក៏​បាន​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទទួលរង​ការខូចខាត​ជាដើម ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​កាលពី​ថ្ងៃ​ទី​៨ កញ្ញា លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ថា សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​កំពត​-​វាលរេញ ត្រូវ​បាន​សិក្សា​បច្ចេកទេស​ឡើងវិញ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដោយ​ចាក់​ថ្ម​គ្រឹះ និង​លើក​តួ​ផ្លូវ​កម្ពស់ ០,៨ ម៉ែត្រ​បន្ថែមទៀត ។​

​លោក​រដ្ឋមន្ត្រី​បន្តថា ក្រសួង​នឹង​បញ្ចេញ​គ្រឿងចក្រ​ធ្វើការ​ជួសជុល​បន្ទាន់ បន្ទាប់​ពី​ទឹកភ្លៀង​ឈប់​ធ្លាក់ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ។​

​ផ្លូវជាតិ​លេខ​៣​នឹង​ត្រូវ​ធ្វើ​ការជួសជុល​ឱ្យ​បាន​រួចរាល់​នៅក្នុង​ខែ​ធ្នូ ចុងឆ្នាំ​នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២ រួម​មាន​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣​នៅ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​២៧-២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ និង​ពិធី​ប្រណាំង​កង់​អន្តរជាតិ ចាប់​ពី​ខេត្ត​កោះកុង​ឆ្ពោះទៅ​ខេត្ត​កែប ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ខែ​មករា ឆ្នាំ​២០២០ ។​

​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​លេខ​៣៣ ត្រូវ​បាន​ទទួលរង​នូវ​ការគំរាមកំហែង​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​ធ្វើឱ្យ​ខូចខាត​យ៉ាង​ដំណាំ​ជាច្រើន​កន្លែង ។ គិត​ត្រឹម​ថ្ងៃទី​៦ កញ្ញា ខេត្ត​ចំនួន​១១​បាន​ទទួលរង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង និង​បាន​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​ចំនួន​៣៦​ខ្សែ សរុប​ប្រវែង​៦០​គីឡូម៉ែត្រ ក្នុងនោះ​ក៏​មាន​ខេត្ត​កែប និង​ខេត្ត​កំពត​ផងដែរ ៕

ព័ត៌មានផ្សេងទៀត