ក្រុមបាតុករ​អំពាវនាវ​ឲ្យ​លោក​ត្រាំ​ជួយ​រំដោះ​ហុងកុង​

08-09-2019 2:48 pm 683

​បាតុករ​ហុងកុង​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ទីប្រជុំជន មុននឹង​ដង្ហែ​ក្បួន​ទៅកាន់​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​​នា​ថ្ងៃអាទិត្យ ទី​៨ កញ្ញា​ឆ្នាំ​២០១៩​នេះ​។ ក្រុមអ្នកតវ៉ា បាន​គ្រវី​ផ្ទាំង​មាន​សញ្ញា​ផ្កាយ​និង​ឆ្នូត​ពណ៌​សលាយ​ក្រហម តំណាងឲ្យ​ទង់ជាតិ​អាមេរិក ព្រមជាមួយ​ការ​កាន់​បដា​អំពាវនាវ​រក​ជំនួយ​ពី​សហរដ្ឋអាមេរិក​។ ពួក​បាតុករ បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ រំដោះ​ទីក្រុង​ហុងកុង ដែល​គ្រប់គ្រង​ដោយ​ចិន​។ ពួកគេ បាន​អំពាវនាវ​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ ម្តង​ហើយ​ម្តងទៀត បន្ទាប់ពី​អំពើហិង្សា​បាន​ផ្ទុះឡើង​ជាថ្មី នៅក្នុង​ការតវ៉ា​នា​សប្តាហ៍​ទី​១៤​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​Mark Esper​កាលពី​ថ្ងៃ​សៅរ៍ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលចិន រក្សា​ការអត់ធ្មត់​។ លោក​Mark Esper​បាន​អំពាវនាវ​នៅ​ទី​ក្រុងប៉ារីស ខណៈ​ប៉ូលីស​នៅ​ហុងកុង បាន​រារាំង​ក្រុមអ្នកតវ៉ា មិនឲ្យ​ចូល​ទៅកាន់​ព្រលានយន្តហោះ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់​ក្រុមបាតុករ​។ នៅ​ចន្លោះពេល​នៃ​ការតវ៉ា ដែល​ផ្ទុះ​អំពើហិង្សា​កន្លងមក ប្រទេស​ជាច្រើន រួមមាន​អាមេរិក​និង​អង់គ្លេស បាន​ជំរុញឲ្យមាន​ការអត់​ធ្ម​ត់ ចៀសវាង​អំពើហិង្សា និង​សម្តែង​ការព្រួយបារម្ភ ខ្លាច​មាន​ការបង្ក្រាប​លើ​ក្រុមបាតុករ ដោយ​ប៉ូលិស​ចិន ដូច​នៅ​ទីលាន​ធាន​អាន​មេន ក្នុង​ក្រុង​ប៉េកាំង​កាលពី​អតីតកាល​។ ចិន​តែងតែ​ផ្ញើ​សារ​ព្រមាន​កុំឲ្យ​បរទេស លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៅ​ហុងកុង​។​

​ភាពចលាចល​នៅ​ហុងកុង បានអូសបន្លាយ​អស់​រយៈពេល​ជាង​៣​ខែ​ហើយ បន្ទាប់ពី​ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ហុងកុង ប្រមូលផ្តុំ​គ្នា​តវ៉ា ប្រឆាំងនឹង​ច្បាប់​ធ្វើ​ត្យា​ប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ការតវ៉ា​ភាគច្រើន​តែងតែ​ធ្វើឡើង​រៀងរាល់​ចុង​សប្តាហ៍ ហើយ​អំពើហិង្សា​ក៏​កើតឡើង​ជា​ញយ​ដង​។ ដើម្បី​បញ្ចប់​ការតវ៉ា មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​ក្នុង​សប្តាហ៍​នេះ បានសម្រេច​បោះបង់ចោល​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែលជា​ដើមចម​បញ្ឆេះ​ភាពវឹកវរ​នៅក្នុង​ទីក្រុង តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩​មក​។ ប៉ុន្តែ​សម្រាប់​ក្រុមអ្នកតវ៉ា​ជាច្រើន បាន​និយាយថា ការ​សម្បទាន​របស់លោក​ស្រី​ឡា​ម គឺមាន​តិចតួច និង​យឺត​ពេល​ទៅហើយ​។ ប្រជាជន​ហុងកុង​ជាច្រើន ភ័យខ្លាច ក្រុង​ប៉េកាំង​លុបបំបាត់​ស្វ័យភាព នៃ​ដែនដី​ហុងកុង ដែល​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រងនៅ​ឆ្នាំ​១៩៩៧៕

ព័ត៌មានផ្សេងទៀត