សង្គ្រាម​អា​ហ្វ​ហ្គានី​ស្ថាន​ ៖ ​លោក​ត្រាំ​លុបចោល​ការចរចា​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​

08-09-2019 10:22 am 286

​យោងទៅតាម​ការសរសេ​រលើ tweeter លោក​ត្រាំ​ថា លោក​បាន​ណាត់​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន និង​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​តា​លី​បង់ ដើម្បី​ជួប​ពិភាក្សាគ្នា​ជាសម្ងាត់​នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​ពេលនេះ​លោក​បាន​លុបចោល​កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ​នៅ​ជំរុំ David​។ លោក​ថា ក្រុម​តា​លី​បង់​បាន​សាង​ទំនុកចិត្ត​ក្លែងក្លាយ នៅពេលដែល​ពួកគេ​សារភាព​ទទួលស្គាល់ ចំពោះ​ការវាយប្រហារ​នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បានសម្លាប់​ទាហាន​ដ៏​អស្ចារ្យ​ម្នាក់​របស់​អាមេរិក​និង​មនុស្ស ១១ នាក់​ផ្សេងទៀត​។ ទាហាន​អាមេរិក​ម្នាក់ និង​សមាជិក​សេវាកម្ម​ម្នាក់​ផ្សេងទៀត​មកពី​រ៉ូ​ម៉ានី ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ការវាយប្រហារ​ដ៏​ធំ​ចុងក្រោយបង្អស់ ដែល​អះអាង​ដោយ​ពួក​តា​លី​បង់ ខណៈដែល​ពួកគេ​បាន​ចរចា ដើម្បីបញ្ចប់សង្គ្រាម​ជាមួយ​ប្រេសិត​អាមេរិក​។ ដោយហេតុថា មិនអាច​ទទួលយក​ទង្វើរ​របស់ដៃ​គូសន្ទនា​បាន លោក​ត្រាំ​បាន​លុបចោល​ការប្រជុំ​ភ្លាមៗ ហើយ​បាន​បញ្ឈប់​ការចរចា​សន្តិភាព​។​

​ការប្រកាស​លុបចោលការចរចា​សន្តិភាព ដោយ​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​ក្រោយពី អ្នកតំណាង​ពិសេស​សម្រាប់​ការផ្សះផ្សា​អា​ហ្វ​ហ្គានី​ស្ថាន​លោក Zalmay Khalilzad បានប្រកាស​កិច្ចព្រមព្រៀង​សន្តិភាព ជា​គោល រវាង​អាមេរិក​និង​ក្រុម​តា​លី​បង់ កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែសីហា​កន្លងទៅ​។ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើឡើង​នោះ សហរដ្ឋអាមេរិក​យល់​ព្រម​ថា នឹង​ដក​កងទ័ព​ចំនួន ៥,៤០០ នាក់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ក្នុង​រយៈពេល ២០ សប្តាហ៍ រីឯ​ក្រុម​តា​លី​បង់​យល់ព្រម​ធានា​អះអាងថា អា​ហ្វ​ហ្គានី​ស្ថាន​នឹង​លែង​ត្រូវបាន​ប្រើ​ជា​មូលដ្ឋាន សម្រាប់​ក្រុម​សកម្ម​ប្រយុទ្ធ ប្រើប្រាស់​ជា​ទីលាន​វាយប្រហារ​តទៅ​ទៀតហើយ​។ ទោះ​យ៉ាងណាក៏ដោយ អ្នកការទូត​ជើងចាស់​អាមេរិក ដើមកំណើត​អា​ហ្វ​ហ្គានី​ស្ថាន ដែល​ដឹកនាំ​ការចរចា​អស់​រយៈពេល​ជិត​១​ឆ្នាំ​រូបនេះ បាន​និយាយ​ដែរថា ការអនុម័ត​ចុងក្រោយ នៅតែ​អាស្រ័យ​លើ​លោក ត្រាំ​ជា​អ្នកសម្រេច​។​

​គួរ​ជម្រាបជូន​ថា តំណាង​ក្រុម​ចរចា​អាមេរិក និង​ក្រុម​តា​លី​បង់ បាន​ជួបចរចា​សន្តិភាព​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ចំនួន​៩​ជុំ​ហើយ ប៉ុន្តែ​ការចរចា​នេះ​ពុំមាន​វត្តមាន​តំណាង​ខាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ចូលរួម​ឡើយ ព្រោះ​ក្រុម​តា​លី​បង់​មិន​អនុញ្ញាត ដោយ​ចាត់ទុក អា​ហ្វ​ហ្គានី​ស្ថាន​គ្រាន់តែ​ជា​អាយ៉ង​របស់​អាមេរិក​ប៉ុណ្ណោះ​។ អ្នក​ដែល​ក្រុម​តា​លី​បង់​បើក​ចិត្ត​ចង់​ចរចា​ជាមួយ​គឺ អាមេរិក​។ ពួកគេ​ថា អាមេរិក​ម្នាក់​គត់ ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​កំពុង​បន្ត​ដល់​សព្វថ្ងៃនេះ​៕

ព័ត៌មានផ្សេងទៀត