លទ្ធផល​បាក់​ឌុប​នឹង​ត្រូវ​ប្រកាស​ចាប់ពី​រសៀល​ថ្ងៃ​ទី​៩​ដល់​១០ ខែ​កញ្ញា​

08-09-2019 10:18 am 352
រូបតំណាង

​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា​សម្រាប់​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។​ដោយឡែក​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​។​នេះ​បើ​យោង​តាម​ការបញ្ជាក់​នៅក្នុងហេ្វស ប៊ុក​ផ្លូវការ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​នៅក្នុង​ហ្វេ​ស ប៊ុក​ក្រសួង​អប់រំដ​ដែល ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះ​ឡើយ ព្រោះថា គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិ​បានល្អ និង​អនុវត្ត​តាម​កម្រង​ភារកិច្ច ប្រកប​ដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​មិនតែប៉ុណ្ណោះ​ដំណើរការ​ស្រង់​បូក​ពិន្ទុ​បាន​ប្រព្រឹត្តិ​ទៅ ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី និង​កងកម្លាំង​មាន​សមត្ថកិច្ច​។ 

​សូមបញ្ជាក់​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​មាន​បេក្ខជន​សរុប​ចំនួន ១១៧,០៤៣ នាក់ (​ស្រី ៦០,៤២៧​នាក់​)​និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២០២ មណ្ឌល​។​ហើយ​ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ដែរ ក៏​មាន​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១,៨៣៨​នាក់​( ស្រី ៦៩៦​នាក់​)​ផងដែរ ៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត