លោក​ស៊ុន ចាន់ថុល​​៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៨ សម្លាប់មនុស្ស​១៨០០​នាក់​​

07-09-2019 9:49 am 191

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៨ បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ១៨០០​នាក់ ស្មើនឹង​៥​នាក់ ក្នុង​មួយថ្ងៃ​និង​បណ្ដាលឱ្យ​រដ្ឋ​ខាតបង់​ថវិកា​ប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា ។​

​ក្នុង​សន្និសីទ​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​អំពី​ការប្រើប្រាស់​មធ្យោបាយ​យុទ្ធសាស្ត្រ​និង​នីតិវិធី រួមមាន​៖ ការតាក់តែង​លិខិតគតិយុត្ត ការអប់រំ ការបំពាក់​ផ្លាកសញ្ញា​ភ្លើង​សញ្ញា ការចែក​មួកសុវត្ថិភាព ការជួសជុល​ថែទាំ​ផ្លូវ ការពង្រីក​ផ្លូវ និង​ការអភិវឌ្ឍ​កម្មវិធី​យល់ដឹង​ពី​ទ្រឹស្ដី​នៃ​ការបើកបរ ដែល​អាច​ប្រើប្រាស់​បាន​នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូន និង​ការ​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ និង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​

អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​រូបនេះ​បញ្ជាក់ថា ក្រសួង​មាន​វិធានការ​តឹងរឹង​មួយចំនួន​ដូចជា​៖ ការដាក់​កាមេរ៉ា​តាមផ្លូវ​ដើម្បី​ចាប់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ ការ​ល្បាត​ឆ្មក់​ពេលយប់​នៅតាម​ដងផ្លូវ ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​សំដៅ​រឹតបន្តឹង​ច្បាប់​លើ​ជន​រំលោភច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាដើម ក្នុង​គោលបំណង​តម្រែតម្រង់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គេច​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​សម្តែង​អំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន អង្គការ ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​បាន​ស្នើឱ្យ​បន្ត ឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត ដើម្បីឱ្យ​ក្រសួង​និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការអនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន “​ថ្ងៃនេះ ថ្ងៃស្អែក សូមកុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​៕


ព័ត៌មានផ្សេងទៀត