ស្ដ្រី​ជនជាតិ​​ឥណ្ឌា​ម្នាក់​​វ័យ​៧៣​ឆ្នាំ​​សម្រាល​បាន​​កូនស្រី​ភ្លោះ​

07-09-2019 9:43 am 194
រូបភាពស្ដ្រីវ័យ៧៣ឆ្នាំដែលសម្រាលបានកូនភ្លោះ

​អាច​និយាយបានថា​ជា​រឿង​អស្ចារ្យ​មួយ​ដែរ ដែល​ជាធម្មតា​មនុស្ស​ស្រី​មានកូន​ត្រឹមតែ​វ័យ​នៅ​ក្មេង​ប៉ុណ្ណោះ ប៉ុន្ដែ​ស្ដ្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​រស់នៅ​រដ្ឋ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ក៏​អាច​ផ្ដល់កំណើត​ឲ្យ​កូនស្រី​ភ្លោះ​ដល់​ទៅ​ពីរ​នាក់​បាន​។ តែ​អ្វីដែល​ជា​លក្ខណពិសេស​គឺ​ស្ដ្រី​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយ​ឲ្យមាន​កូន​ដោយ​ប្រើ​វិធីសាស្ដ្រ​IVF​។ IVF​ជា​បច្ចេកវិទ្យា​ជំនួយ​ដល់​ការបន្ដ​ពូជ ដែល​ធ្វើការ​ដោយ​ប្រើ​ថ្នាំ​ផ្សំ​នឹង​នីតិវិធី​វះកាត់ ដើម្បី​ជួយ​មេ​ជីវិត​ឈ្មោល​បង្ក​កំណើត និង​ជួយ​ឲ្យ​អំប្រ៊ីយ៉ុង​បង្ក​កំណើត​ក្នុង​ស្បូន​។ 

​ដំបូង​ត្រូវមាន​ការ​លេបថ្នាំ​ដើម្បីឲ្យ​អំប្រ៊ីយ៉ុង​មាន​ភាពចាស់ទុំ​និង​ត្រៀម​បង្ក​កំណើត​។ បន្ទាប់មក​គ្រូពេទ្យ​ក៏​យក​អំប្រ៊ីយ៉ុង​នោះ​ចេញពី​រាងកាយ​មនុស្ស​ស្រី ហើយ​លាយ​ជាមួយ​មេ​ជីវិត​ឈ្មោល​នៅក្នុង​មន្ទីរពិសោធន៍​ដើម្បី​ជួយ​មេ​ជីវិត​ឈ្មោល​បង្ក​កំណើត​។ បន្ទាប់មក​គ្រូពេទ្យ​យក​អំប្រ៊ីយ៉ុង​១​ឬ​ច្រើន​ចាក់​ចូលក្នុង​ស្បូន នោះ​ការបង្ក​កំណើត​ក៏​ចាប់​ផ្ដើមឡើង​។​

​ទម្រាំ​ទទួលបាន​លទ្ធផល​ដូច​ពេលនេះ ស្ដ្រី​វ័យ​៧៣​ឆ្នាំ​បាន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជាច្រើន ហើយ​ទីបំផុត​ក៏​សម្រេចបាន​ដូច​បំណង​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ជួយ​ស្ដ្រី​វ័យ​ចំណាស់​ក្នុងការ​សម្រាលកូន​បាន​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​តាមរយៈ​ការវះកាត់​។ បច្ចុប្បន្នស្ដ្រី​ជា​ម្ដាយ​និងកូនៗ​មាន​សុខភាព​ល្អ​ធម្មតា នេះ​បើតាម​ការបញ្ជាក់​ពី​វេជ្ជបណ្ឌិត​។ 

​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៦​ក៏មាន​ស្ដ្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ មាន​វ័យ​ខ្ទង់​៧០​ឆ្នាំ​សម្រាល​បាន​កូនប្រុស​ម្នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត