តាមការបញ្ជាក់នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិបានឲ្យដឹងថា កូរ៉េខាងជើងកំពុងបន្ដជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់គេ រំលោភលើទណ្ឌកម្មដែលបានដាក់។ ការបញ្ជាក់ដូច្នេះបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួន៧លើក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបារម្ភពីផលវិបាក ក្នុងការចរចារំលាយនុយក្លេអ៊ែរជាមួយអាមេរិកផងដែរ។
របបផ្ដាច់ការមួយនេះបានប្រកាសផ្អាកការបំផ្ទុះនុយក្លេអ៊ែរ និងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយកាលពីឆ្នាំមុន ដោយនិយាយថាទីតាំងសាកល្បងគ្រាប់បែកបរមាណូPunggye-ri នឹងត្រូវរុះរើចោលដោយសារតែលែងត្រូវការវាទៀតហើយ។ ប៉ុន្ដែរបាយការណ៍របស់ក្រុមអ្នកជំនាញ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទោះបីមានសកម្មភាពទាំងនេះក៏ដោយ ក៏ការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងមិនបានបញ្ឈប់ដែរ។
សេចក្ដីរាយការណ៍និយាយថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង នៅតែបន្ដដំណើរការមិនថាគ្មានការធ្វើតេស្ដសាកល្បងនុយក្លេអ៊ែរ និងបានបិទទីតាំងសាកល្បងនុយក្លេអ៊ែរនៅPunggye-riក៏ដោយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានចាប់ផ្ដើមកិច្ចការការទូតផ្ទាល់ខ្លួនជាច្រើនខែមកហើយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។ ប៉ុន្ដែក្នុងកិច្ចខិតខំប្រឹងប្រែងនេះមិនទទួលបានជោគជ័យ ក្នុងការបញ្ចុះបញ្ចូលលោកគីមឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរឡើយ។ លោកត្រាំតែងតែចាត់ទុកអវត្ដមាននៃការធ្វើតេស្ដនុយក្លេអ៊ែរកូរ៉េខាងជើង តាំងពីចុងឆ្នាំ២០១៧មកនោះគឺជាលទ្ធផលមួយនៃវិធីសាស្ដ្រការទូត។
តែកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីរហូតដល់៧លើកក្នុងពេលថ្មីៗនេះ បង្កការព្រួយបារម្ភបន្ដទៀតដល់ប្រទេសក្បែរខាង មានកូរ៉េខាងត្បូងនិងជប៉ុន។ យ៉ាងណាមិញលោកត្រាំនៅតែចាត់ទុកថាមិនជាបញ្ហាធ្ងន់ធ្ងរ។ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងនេះទៀតសោត លោកគីមធ្លាប់ប្រកាសថាដើម្បីព្រមានដល់កូរ៉េខាងត្បូង ដែលចាប់ផ្ដើមសមយុទ្ធឡើងវិញជាមួយសហរដ្ឋអាមេរិក៕