នាយករដ្ឋមន្ដ្រី​អង់គ្លេស​​ជួប​ឧបសគ្គ​​កាន់តែ​ធំ​​រឿង​ដឹក​ដៃ​​អង់គ្លេស​​ចេញពី​អឺរ៉ុប​

07-09-2019 9:04 am 458

នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​Boris Johnson ពេលនេះ​កំពុង​ប្រឈម​បញ្ហា​កាន់តែ​ធំ​ហើយ​។ ប៉ុន្មាន​ថ្ងៃមុន​លោក​បាន​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋសភា ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​តាម​កំណត់ ដែល​ការបោះឆ្នោត​មាន​សំឡេង​ប្រឆាំង​ច្រើនជាង​សំឡេងគាំទ្រ​។ រឿង​នឹកស្មាន​មិន​ដល់​និង​ជា​រឿង​ឈឺចាប់​បំផុត សូម្បី​សមាជិកសភា​គណបក្សរ​បស់​លោក​ក៏​ប្រឆាំង​រូបលោក​ដែរ ហើយ​បែរ​ទៅ​ចូល​ដៃ​ជាមួយ​ក្រុមប្រឆាំង​បង្កើត​សេចក្ដីព្រាងច្បាប់​មួយ សុំ​ពន្យារពេល​ដើរ​ចេញពី​អឺរ៉ុប​ទៅវិញ​។​

​នៅ​ទីបំផុត​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​ទៀត​កាលពី​ថ្ងៃ​សុក្រ ដូច្នេះ​បានន័យថា​ការចាកចេញ​ពី​សមាជិក​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស នឹងត្រូវ​ពន្យារពេល​បី​ខែ​គឺ​រហូតដល់​ចុងខែ​មករា​ឆ្នាំក្រោយ តាម​អ្វីដែល​គណបក្សប្រឆាំង​បាន​ស្នើសុំ​។ បញ្ហា​ប្រឈម​មួយទៀត​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី​ថ្មីថ្មោង​Johnson គឺ​គណបក្សប្រឆាំង​អង់គ្លេស​ចំនួន​បួន​គណបក្ស បានប្រកាស​ឯកភាពគ្នា​នឹងមិន​គាំទ្រ ឲ្យមាន​ការបោះឆ្នោត​មុនកំណត់​ឡើយ​។​

​លោក​Boris Johnson​តាម​គ្រោងទុក​នឹងដាក់​ញត្ដិ​មួយ​នៅថ្ងៃចន្ទ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ស្នើសុំ​ការព្រមព្រៀង​រៀបចំ​ការបោះឆ្នោត ក្នុងន័យ​ហាមឃាត់​ការសុំ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប​។ ញត្ដិ​ស្នើសុំ​របស់លោក​ចាំបាច់​ត្រូវការ​សំឡេងគាំទ្រ​ពីរភាគបី​នៅក្នុង​សភា មានន័យថា​ត្រូវការ​សំឡេងគាំទ្រ​ខ្លះ​ពី​គណបក្សប្រឆាំង​។ ប៉ុន្ដែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដោយសារតែ​ពេលនេះ​មាន​គណបក្សប្រឆាំង​ដល់​ទៅ​បួន បាន​ចេញមុខ​ជំទាស់​ទៅហើយនោះ​។ តាម​អ្វីដែល​បាន​កើតឡើង​នៅ​ពេលបច្ចុប្បន្ន សបញ្ជាក់​ឲ្យឃើញថា​លោក​Johnson​កំពុង​តតាំង​នឹង​ឧបសគ្គ​ដ៏​ធំ ដ្បិតតែ​ចង់ឲ្យ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​តាម​កំណត់​នៅ​ថ្ងៃទី​៣១​ខែតុលា​។​

​លោក​Johnson​ធ្លាប់​និយាយថា លោក​មិន​ចង់ឲ្យ​ពន្យារពេល​យូរ​ទៀត​ទេ​គឺ​ត្រូវតែ​ចាកចេញ ហើយ​បើសិន​ខកខាន​មែន​លោក​សុខចិត្ដ​ស្លាប់​ល្អជាង​។ ហេតុនេះ​តើ​ស្ថានភាព​បន្ទាប់​នឹង​ទៅជា​យ៉ាងណា​? តើ​លោក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​រូបនេះ អាច​ដោះស្រាយ​វិបត្ដិ​ជាប់គាំង​ជាច្រើន​ឆ្នាំ​បាន​ឬទេ​?

ព័ត៌មានផ្សេងទៀត