លោក​ផៃ​ស៊ីផា​ន ជួប​លោក​ខៀវ​កាញារីទ្ធ​ពិភាក្សា​រឿង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​

06-09-2019 8:20 pm 189
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យមាន​ប្រសិទ្ធភាព ...

​លោក ផៃ ស៊ីផា​ន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចប់​ជំនួប​ថា លោក​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អំពី​យុទ្ធសាស្ត្រ​ក្នុង​ការបញ្ចេញ​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែលនាំឱ្យ​សាធារណជន​ភាន់ច្រឡំ ក្នុងនោះ​មាន​ក្រុមការងារ​អ្នកនាំពាក្យ ត្រូវ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ជាដើម ។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ​បន្ត​ថា ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ពី​គោលការណ៍​ពង្រឹង​សមត្ថភាព​អ្នកនាំពាក្យ​នៅតាម​ខេត្ត​-​ក្រុង ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ។​

​ជាមួយគ្នា្ននេះ លោក​បាន​ប្រាប់​បន្តថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​បាន​ប្រាប់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អំពី​ការងារ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ក្នុង​រយៈពេល​៣​ខែ​កន្លងមក ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​ទាំងនោះ​មាន​សមត្ថភាព​ស្វែងរក​ព័ត៌មាន​ល្អៗ​មក​ផ្សព្វផ្សាយ​ជូន​សាធារណជន ។​

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា រាល់​កិច្ចការ​ដែល​ទីស្តីការ​សុំ​យោបល់​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឯកភាព​យល់ព្រម​សហការ​ល្អ​ទៅ​លើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​វិស័យ​សារព័ត៌មាន ៕

ព័ត៌មានផ្សេងទៀត