អភិបាលខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​កំណត់​ព្រំ​ដី​សម្បទាន​ក្រុមហ៊ុន​លោក​ម៉ុង​ឫទ្ធី​

06-09-2019 7:11 pm 263
  ស្តាប់
ស្តាប់ជាសំឡេង

​អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​កំណត់​ព្រំប្រទល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន របស់លោក ម៉ុង ឫទ្ធី នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា ដើម្បី​ចុះបញ្ជី​ក្បាល​ដី​កសិកម្ម ក្នុង​គោលដៅ​ការពារ​កុំឱ្យ​មាន​ការរំលោភបំពាន​បន្តទៅទៀត...

​អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​នេះ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​សង្ខេប​លទ្ធផល​ការងារ​ចុះ​ពិនិត្យ និង​កំណត់​ព្រំប្រទល់​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​វិនិយោគ​លើ​ដំណាំ​ដូង​ប្រេង និង​ដំណាំ​ដំឡូង​មី មាន​ព្រំប្រទល់​៣​ស្រុក​ក្នុង​ខេត្ត​ព្រះសីហនុ ។​

​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា លោក គួច ចំរើន បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ស្វែងយល់​អំពី​ផ្លូវច្បាប់​និង​នីតិវិធី​ច្បាប់​ឱ្យបាន​ច្បាស់លាស់ អំពី​ការចុះបញ្ជី​ដី​កសិកម្ម ឈាន​ទៅ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ទូទាំង​ប្រទេស ក្នុង​គោលដៅ​ការពារ​កុំឱ្យ​មាន​ការរំលោភបំពាន ក៏​ដូចជា​ទប់ស្កាត់​ភាពអនាធិបតេយ្យ និង​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ពលរដ្ឋ ។​

​លោក​បាន​ណែនាំ​ឱ្យ​អភិបាលរង​ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សហការ​ជាមួយ​មន្ទីរ​ជំនាញ ក្រុមហ៊ុន និង​ពលរដ្ឋ បង្កើត​ក្រុម​ការងារ​បច្ចេកទេស​មួយ ដើម្បី​ចុះ​កំណត់​ទីតាំង​ព្រំប្រទល់​ដី ដោយ​កំណត់​ផែនទី​ឯកភាព​មួយ ចៀសវាង​គូស​ផែនទី ជាន់​គ្នា​រវាង​ដី​ក្រុមហ៊ុន​និង​ដី​ពលរដ្ឋ តាម​នីតិវិធី​សុរិយោដី ។​

​បើ​តាម​មន្ត្រី​បច្ចេកទេស​មន្ទីរ​កសិកម្ម​បាន​ឱ្យដឹងថា ដំណើរការ​ចុះបញ្ជី​ដី​ទី​១ ផ្អែកលើ ស​ជណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​វិនិយោគ​លើ​កសិកម្ម​ពី​ឆ្នាំ​១៩៩៥ ដោយ​មាន​កិច្ចសន្យា​វិនិយោគ រវាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​មន្ត្រី​ដដែល​បានឱ្យដឹងថា នៅក្នុង​ខែ​មីនា ឆ្នាំ​១៩៩៦ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​បើក​ការដ្ឋាន​បណ្តុះ​កូន​ដូងប្រេង​លើ​ផ្ទៃដី​ចំនួន ១១.០០០ ហិកតា និង​ដី​កសិកម្ម​ដាំដំឡូង​មី ចំនួន ១.៨០០ ហិកតា ៕

ព័ត៌មានផ្សេងទៀត