ទឹក​ការ៉ុត​ជួយ​ព្យាបាល​ជំងឺមហារីក​?

06-09-2019 7:08 pm 254

​ការសិក្សា​ជាច្រើន ដែល​ធ្វើ​ឡើងលើ​បន្លែ​និង​ផ្លែឈើ បាន​បង្ហាញថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន​នៅក្នុង​ការ៉ុត ពិតជា​អាច​បន្ថយ ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​និង​ជំងឺមហារីក​។ ការ៉ុត​គឺជា​ប្រភព​ដ៏​សំបូរបែប នៃ​សារធាតុ Beta-carotene ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ចាំបាច់ សម្រាប់​ការ​សំយោគ​វីតាមីន​A ក៏ដូចជា​សារធាតុ zeaxanthin  និង lutein (carotenoids) ។ ការសិក្សា​បាន​សន្និដ្ឋានថា ការដាក់បញ្ចូល​របប​អាហារ ដែលមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម អាច​បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​បាន​យ៉ាងខ្លាំង ដោយ​ការពារ​ការបំផ្លាញ​កោសិកា​រ៉ាឌីកាល់​សេរី​។​

​ទឹក​ការ៉ុត​ជះឥទ្ធិពល​ដល់​ជំងឺមហារីក​មួយចំនួន​ដូចជា ៖

-​ជំងឺមហារីក​សួត ការសិក្សា​លើ​អ្នក​ជក់បារី​បង្ហាញថា អ្នក​ដែល​ដាក់បញ្ចូល​ការ៉ុត ទៅក្នុង​របប​អាហារ​ម្តង​ក្នុង​មួយ​សប្តាហ៍ មាន​អត្រា​កើត​ជំងឺមហារីក​សួត​តិចជាង អ្នក​ដែល​មិនបាន​ទទួលទាន​ការ៉ុត​សោះ​។​

-​មហារីក​ពោះវៀន យោងតាម​ការសិក្សា ដែល​ធ្វើ​ឡើងលើ​ជនជាតិ​ជប៉ុន ការដាក់បញ្ចូល​beta-carotene ដែលមាន​នៅក្នុង​ទឹក​ការ៉ុត នឹង​ជួយ​ការពារ​មនុស្ស ពី​ជំងឺមហារីក​ពោះវៀន​ធំ​។​

-​ជំងឺមហារីក​ឈាម​ឬ​ជំងឺឈាមសស៊ីឈាមក្រហម ដែល​ភាសា​បច្ចេកទេស​ហៅថា Leukemia  ការសិក្សា​មួយ​ធ្វើឡើង​នៅ​ឆ្នាំ ២០១១ ស្តីពី ជំងឺមហារីក​ឈាម បង្ហាញថា ទឹក​ការ៉ុត មាន​សក្តានុពល ក្នុងការ​កំចាត់​កោសិកា​មហារីក​។​

-​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត  ការសិក្សា​លើ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត បង្ហាញថា បុរស​វ័យក្មេង ដែល​ទទួលទាន​របប​អាហារ ដែល​សំបូរ​ទៅដោយ beta-carotene ដែលមាន​នៅក្នុង​ទឹក​ការ៉ុត ត្រូវបាន​ការពារ​ពី ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត