នាយករដ្ឋមន្ដ្រី​​អង់គ្លេស​ថា​​​​សុខចិត្ដ​ស្លាប់​​ជាជាង​​ពន្យារពេល​ចាក​ចេញពី​អឺរ៉ុប​

06-09-2019 11:13 am 402

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​Boris Johnson បាន​និយាយ​កាលពី​ថ្ងៃទី​០៥​កញ្ញា​ថា លោក​សុខចិត្ដ​ស្លាប់​ជាជាង​ពន្យារពេលចាក​ចេញពី​អឺរ៉ុប​បើ​ហួស​ពី​ខែក្រោយ​។ និយាយ​ដូច្នេះ​ស្របពេល​លោក​បាន​ជំរុញ​ឲ្យ​សមាជិកសភា​គណបក្សប្រឆាំ​ង ដែល​ប្រឆាំងនឹង​ផែនការ​របស់លោក​ត្រូវ​ងាក​មក​គាំទ្រ​កាបោះឆ្នោត​មុន​កំណត់​មួយ​។ សមាជិក​នៅក្នុង​សភា​អង់គ្លេស​ក្នុង​សប្ដាហ៍​នេះ បានអនុម័ត​សេចក្ដីព្រាង​មួយ​ដែល​អាច​បញ្ឈប់​លោក​Johnson ក្នុង​ការនាំយក​អង់គ្លេស​ចេញពី​សមាជិក​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​។​

​ក្រៅពីនេះ​ពួកគេ​ក៏​ច្រានចោល​ការអំពាវនាវរ​បស់​លោក​នាយករដ្ឋមន្ដ្រី ដែល​ចង់​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​មួយ ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ កើតឡើង​រយៈពេល​បី​ឆ្នាំ​មកហើយ​តាំងពី​ការបោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦​។ ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស លោក Johnson​និយាយថា លោក​សុខចិត្ដ​ស្លាប់​ជាជាង​ស្នើឲ្យ​សហភាព​អឺរ៉ុប ពន្យារពេល​ដើរចេញ​របស់​អង់គ្លេស​។ លោក​សង្កត់ធ្ងន់ថា អង់គ្លេស​ត្រូវតែ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​ខែតុលា​។​

​រយៈពេល​៦​សប្ដាហ៍​បន្ទាប់ពី​ចូល​កាន់តំណែង លោក​Boris Johnson​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម បាន​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមប្រឆាំង ហើយ​សូម្បី​សមាជិក​ក្នុង​គណបក្ស​របស់លោក​ក៏​ប្រឆាំង​លោក​ដែរ​។ សមាជិក​គណបក្ស​អភិរក្សនិយម​ចំនួន​២១​រូប បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​រៀបចំ​សេចក្ដីព្រាង​បញ្ឈប់​ផែនការ​ចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ពួកគេ​គ្រោង​នឹង​ស្នើឲ្យ​មាន​ការពន្យារពេ​ល​បី​ខែ គឺ​រហូតដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប ត្រូវបាន​លើក​ពេល​រួចមកហើយ​។ តាមពិត​កាលបរិច្ឆេទ​កំណត់​លើកដំបូង​គឺ​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​ឯណោះ​ទេ ប៉ុន្ដែ​ដោយសារ​ខ្វែងគំនិត​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប ទើប​ត្រូវ​ពន្យារពេល​រហូតដល់​បច្ចុប្បន្ន​។ លោកស្រី​នាយករដ្ឋមន្ដ្រី​Theresa May​ដែលជា​អ្នកទទួល​កិច្ចការ​នេះ បាន​សម្រេចចិត្ដ​ចុះចេញ​ពី​តំណែង​ដោយសារតែ​បរាជ័យ​ក្នុង​ការនាំយក​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ក្រោយមក​ក៏មាន​ការបោះឆ្នោត​គាំទ្រ​ឲ្យ​លោក​Boris Johnson ធ្វើជា​នាយករដ្ឋមន្ដ្រី​បន្ដ​ដឹកនាំ​កិច្ចការ​នេះ ប៉ុន្ដែ​មិនដឹងថា​អាច​ជោគជ័យ​ឬ​បរាជ័យ​ទេ​៕

ព័ត៌មានផ្សេងទៀត