ក្រសួង​សុខាភិបាល​ក្រើនរម្លឹក​ពី​ការត្រៀម​និង​ឆ្លើយតប​ពេល​មាន​ទឹកជំនន់​

06-09-2019 10:25 am 107
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្ដីណែនាំ​សារជាថ្មី ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យមាន​ការត្រៀម​លក្ខណៈ​ប្រុងប្រយ័ត្ន និង ការពារ​សុខភាព ដើម្បី​កាត់បន្ថយ​ឲ្យបាន​ជា​អតិបរិមា​នូវ​ផល​ប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ ពី​គ្រោះទឹកជំនន់ ដែល​នឹង​កើត​មាន​នាពេលខាងមុខ​។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​សេចក្ដីណែនាំ ត្រូវ​អនុវត្ត​មាន​ជាអាទិ៍​ដូចជា ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។ ចំពោះ​ស្ត្រី​ត្រូវ​ពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​មណ្ឌល​សុខភាព​, កុមារ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​តាម​ការកំណត់​របស់​គ្រូពេទ្យ ត្រូវ​ត្រៀម​ថ្នាំពេទ្យ​ដែល​ជា​តម្រូវការ​ចាំបាច់ ជាពិសេស​ករណី​សមាជិក​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​ការពិនិត្យ​ព្យាបាល​។​

​ក្រៅពី​នេះ​ក្រសួង​សុខាភិបាល​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទីទួល​សុវត្ថិភាព ត្រៀម​ស្បៀងអាហារ មិន​ត្រូវ​ចូល​ទៅក្នុង​អគារ​ទ្រុឌទ្រោម​, បរិភោគ​អាហារ និង​ទឹក​ស្អាត​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​ជៀសវាង​ការកកើត​នៃ​មូស​ខ្លា និង​មូស​ដែកគោល ដែល​បង្ក​ឲ្យមាន​ជំងឺគ្រុនឈា​ម និង គ្រុនចាញ់​។​

​ទន្ទឹម​នឹង​នេះ​ក្រសួង​សុខាភិបាល​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព មុន និង​ក្រោយពេល​មាន​ទឹកជំនន់ ប្រញាប់​ស្វែងរក​ការពិនិត្យ ពិគ្រោះ​ជំងឺ និង​ព្យាបាល​ជា​បន្ទាន់​នៅ​ប៉ុស្តិ៍​ទីទួល​សុវត្ថិភាព មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។​

​សូមបញ្ជាក់​ថា ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត​ទាំងអស់ឲ្យ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​នូវ​ឱសថ បរិក្ឋារ​ពេទ្យ សេរ៉ូ​ប្រឆាំង​ពិសព​ស់ ត្រៀម​គ្រូពេទ្យ​ចល័ត ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​សុខភាព​ឲ្យបាន​ល្អ​ប្រសើ​រ និង​ទាន់​ពេលវេលា​៕

ព័ត៌មានផ្សេងទៀត