ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្នើឲ្យ​មាន​​ការទាក់ទាញ​វិនិយោគ​​បរទេស​ បណ្តាក់ទុន​​នៅ​ជាយដែន​​

06-09-2019 10:20 am 122

​លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​០៥ កញ្ញា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ស្ថាប័ន បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​ស្វាយរៀង និង​នៅ​ក្រុង​បាវិត ដោយមាន​ការចូលរួម​ពី តំណាង​ង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​ផ្នែក​ឯកជន តំណាង​គ្រឹះស្ថានស្រាវជ្រាវ និង​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)​។​

​បើតាម​លោក​សុខ ចិន្តា​សោភា ថា​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅតាម​តំបន់​ជាយដែន និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៃ​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង និង​ជាពិសេស​ក្រុង​បាវិត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ពិសេស​សម្រាប់​ទាក់ទាញ​ការវិនិយោគឲ្យ​កាន់តែច្រើន​ថែមទៀត តាមរយៈ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ជាយដែន ដោយ​យោងតាម​ស្មារតី និង​លទ្ធផល​នៃ​វេទិកា​រដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៩​។​

​ការពិភាក្សា បាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៤ រួមមាន ទី​១ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ជាយដែន​។ ទី​២ ការតភ្ជាប់​បណ្តាញ និង​ផ្គត់ផ្គង់​អគ្គិសនី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ទី​៣ ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ និង​ការរៀបចំ​ឡើងវិញ​នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ និង​ទី​៤ ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅតាម​ជាយដែន ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ដែលជា​យន្តការ​ពិសេស​ដើម្បី​ទាក់ទាញ​ការវិនិយោគ​។​

​លោក​សុខ ចិន្តា​សោភា បានស្នើ​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ បន្ត​កិច្ច​សហការគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រួល​ប្រតិបត្តិការ នៃ​គម្រោង​វិនិយោគ​បច្ចុប្បន្ន សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បន្ថែម មក​បណ្តាក់ទុន​នៅតាម​តំបន់​ជាយដែន​របស់​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត