ករណី​ធ្លាក់​​យន្ដហោះ​MH17​​ម៉ាឡេស៊ី​​មិនអាច​​ទទួលយក​​លទ្ធផល​រកឃើញ​​ទាំងស្រុង​ទេ​

06-09-2019 9:18 am 1114

​ម៉ាឡេស៊ី​មិនអាច​ទទួលយក​លទ្ធផល​នៃ​ការរកឃើញ របស់​ក្រុម​ស៊ើបអង្កេត​ដឹកនាំ​ដោយ​ហូ​ឡង់​ងាយៗ​ទេ ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH17​។ នេះ​ជា​សម្ដី​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉ាត់​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​Sputnik​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ម៉ា​ហា​ធៀ​និយាយថា ម៉ាឡេស៊ី​នៅមាន​មន្ទិល​ពី​លទ្ធផល​រកឃើញ​របស់​ក្រុម​ស៊ើបអង្កេត និង​បញ្ជាក់​ពី​ភាពចាំបាច់​ដែល​ត្រូវមាន​អង្គភាព​ឯករាជ្យ​មួយ ដែល​ក្នុង​អង្គភាព​នោះ​មាន​អ្នក​ទំនាញ​មកពី​ច្រើន​ប្រទេស ដែល​ធ្លាប់​មានបទពិសោធន៍​ក្នុង​ការងារ​ស្រដៀង​គ្នា​នេះ ដើម្បី​បើក​ការស៊ើបអង្កេត​។​

​លោក​ម៉ា​ហា​ធៀ​បញ្ជាក់​បន្ថែមថា “​នៅពេល​អ្នកមាន​ប្រទេស​ដែល​រងគ្រោះ​ដោយសារតែ​ករណី​ធ្លាក់​យន្ដហោះ​នេះ ជាក់ស្ដែង​ណាស់​ពួកគេ​នឹងមាន​ភាពលម្អៀង​បន្ដិច​។ លទ្ធផល​រកឃើញ​របស់​ក្រុម​ស៊ើបអង្កេត​ពេលខ្លះ យើង​ក៏​មិនអាច​ទទួលយកបាន​ដោយ​ងាយៗ​ដែរ​។ ការកត់សម្គាល់​ឃើញថា​មី​ស៊ី​ល​ជាដើម​ហេតុ​ធ្វើឲ្យ​យន្ដហោះ​ធ្លាក់ វា​ជា​ការពិត​។ តំបន់​ដែលមាន​រឿងនេះ​កើតឡើង​អាច​បញ្ជាក់បាន ប៉ុន្ដែ​ការ​កំណត់ថា​នរណា​ជា​អ្នកបាញ់​ទម្លាក់​ពិតប្រាកដ វា​ពិតជា​លំបាក​ណាស់​នៅក្នុង​កាលៈទេសៈ​ធម្មតា​។​”

​នាយករដ្ឋមន្ដ្រី​វ័យ​ចំណាស់​ជាងគេ​រូបនេះ​លើកឡើង​ផងដែ​រថា លោក​មិន​សង្ស័យ​ពី​ភាពត្រឹមត្រូវ​របស់​ក្រុម​ស៊ើបអង្កេត​ដឹកនាំ​ដោយ​ហូ​ឡង់ទេ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ក៏បាន​អះអាងថា​អ្វីដែល​ក្រុម​ស៊ើបអង្កេត​បានបង្ហាញ ទាក់ទង​នឹង​អ្នកទទួលខុសត្រូវ​ក្នុង​ការបាញ់​មី​ស៊ី​ល ពិតជា​មិនអាច​ទទួលយកបាន​ដោយ​ស្រួលៗ​ឡើយ​។ វា​លំបាក​ខ្លាំងណាស់​ក្នុង​ការកំណត់​ពី​អ្នក​ដែល​បាញ់​មី​ស៊ី​ល ព្រោះថា​នៅពេលដែល​បាញ់​មី​ស៊ី​ល​ហើយ ពួកគេ​អាច​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ផ្សេង​បាន​។ ពិតណាស់ថា​អាច​កំណត់​ពី​ប្រភេទ​មី​ស៊ី​ល​ដែល​បាន​បាញ់ ឬក៏​ផ្នែក​នៃ​យន្ដហោះ​ដែល​ត្រូវបាន​បំផ្លាញ ប៉ុន្ដែ​បើ​និយាយថា​ដឹង​ច្បាស់​ពី​អ្នកបាញ់​មី​ស៊ី​ល នោះ​ជា​ហេតុផល​តិចតួច​ពេក​ហើយ​សម្រាប់​ម៉ាឡេស៊ី​ក្នុង​ការទទួលយក​។​

​សូម​រម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH17 ត្រូវបាន​បាញ់​ទម្លាក់​ក្នុង​ទីក្រុង​Donetsk​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤ ក្រោយ​ធ្វើដំណើរ​ចេញពី​ទីក្រុង​អាម​ស្ទែ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះទៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ទីក្រុង​Donetsk​កាលនោះ​ជា​តំបន់​ដែលមាន​ការប្រយុទ្ធ​គ្នា​ខ្លាំង រវាង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ុ​យក្រែន​។ ចំណែក​នៅលើ​យន្ដហោះ​ផ្ទុក​មនុស្ស​សរុប​២៩៨​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ទាំងអស់​។​

​ក្រុម​ស៊ើបអង្កេត​ហូ​ឡង់​ដែលមាន​ការចូលរួម​ពី​មន្ដ្រី​ជំនាញ​អូស្ដ្រាលី បែលហ្ស៊ិក ម៉ាឡេស៊ី ហូឡង់​និង​អ៊ុ​យក្រែន បាន​ស៊ើបអង្កេត​រកឃើញថា​យន្ដហោះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ប្រភេទ​BUK ចេញពី​ទី​តាំងរបស់​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។ កាលពី​ខែមិថុនា​ក្រុម​ស៊ើបអង្កេត​បានប្រកាសថា មាន​ជនជាតិ​រុស្ស៊ី​បីនាក់​និង​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់ ដែល​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​បាញ់​ទម្លាក់​យន្ដហោះ MH17៕

 ពាក្យគន្លឹះ  ម៉ាឡេស៊ីយន្ដហោះMH17

ព័ត៌មានផ្សេងទៀត