កម្ពុជា​​និង​ហុងកុង​​មាន​មួយ​ពិន្ទុ​​ក្នុង​ដៃ​ដូច​គ្នា​​ក្រោយ​លទ្ធផល​​ស្មើ​១-១

05-09-2019 9:14 pm 374
រូបភាពក្រុមកម្ពុជាប៉ះហុងកុង

​ការប្រកួត​ជុំ​ទី​ពីរ​ក្នុង​វគ្គ​ជម្រុះ​ឈាន​ទៅ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​នៅ​កាតា រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ជម្រើសជាតិ​ហុងកុង លទ្ធផល​បាន​ត្រឹម​ស្មើគ្នា​១​ទល់នឹង​១​ប៉ុណ្ណោះ​។ ការប្រកួត​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​ប្រព្រឹត្ដទៅ​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៥​កញ្ញា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ 

​ការប្រកួត​ចាប់ផ្ដើម​ភ្លាម​មានការ​វាយបក​គ្នា​ទៅវិញទៅមក លុះ​ដល់​នាទី​ទី​១៦​ក្រុម​ជម្រើសជាតិ​ហុងកុង​ក៏​ទាត់​បញ្ចូល​ទី​កម្ពុជា ធ្វើឲ្យ​ហុងកុង​នាំមុខ​កម្ពុជា​១​ទល់នឹង​០​។ លុះ​ដល់​នាទី​ទី​៣៤​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏រ​ក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ​កែវ សុខ​ផេង​។ ការប្រកួត​ក្នុង​វគ្គ​ទី​មួយ​បាន​បិទ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​១​ទល់នឹង​១​។ 

​ចាប់ផ្ដើម​វគ្គ​ទី​ពីរ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ព្យាយាម​ដាក់​សម្ពាធ​ជា​ច្រើនលើក​ច្រើនសារ​លើ​ក្រុម​ជម្រើសជាតិ​ហុងកុង ប៉ុន្ដែ​មិន​អាច​រក​គ្រាប់​បាល់​បានឡើយ​។ ចំណែក​ក្រុម​ហុងកុង​ក៏​មិន​អាច​រក​គ្រាប់​បាល់​បាន​ដូចគ្នា​។ ជា​លទ្ធផល​បញ្ចប់​ការប្រកួត​៩០​នាទី​ពេញ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​១​ទល់នឹង​១ ដែល​មាន​មួយ​ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា​សម្រាប់​ប្រកួត​ដំបូង​ក្នុង​ជុំ​ទី​ពីរ​នេះ​។ 

​គួរបញ្ជាក់​ថា ក្នុង​ការប្រកួត​ជុំ​ទី​មួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ប៉ា​គី​ស្ថាន​ទាំងពីរ​ជើង ក្នុង​លទ្ធផល​២​ទល់នឹង​០​និង​២​ទល់នឹង​១​។ ដោយឡែក​ក្នុង​ជុំ​ទី​ពីរ​នេះ​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល​C នៃការប្រកួតជម្រុះនៅតំបន់អាស៊ី រួមមាន​ក្រុម​ជម្រើសជាតិ​ហុងកុង បា​រ៉ែ​ន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា​នេះ កម្ពុជា​នឹង​ត្រូវ​ស្វាគមន៍​ជម្រើសជាតិ​បា​រ៉ែ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បន្ដទៀត​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត