មន្ត្រី​ជាន់​ខ្ពស់​ថា​ ការរីកចម្រើន​បច្ចេកវិទ្យា​​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​រីកចម្រើន​

05-09-2019 7:54 pm 152
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា​អះអាងថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បន្ត​រីកចម្រើន​ទៅ​មុខ ក្នុងនោះ​ដោយ​មាន​ការចូលរួម​ចំណែក​ដ៏​ធំ​តាមរយៈ​ការរីកចម្រើន​សេវាកម្ម​បច្ចេកវិទ្យា ។ លោក​ថា ក្រសួង​នឹង​ប្រឹងប្រែង​លើកទឹកចិត្ត​អ្នកពាក់ព័ន្ធ​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ច្រើន​បន្ថែមទៀត...

​អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា តាមរយៈ​ការរីកចម្រើន​សេវាកម្ម​បច្ចេកវិទ្យា វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​បាន​បោះ​ជំហាន​រីកចម្រើន​ទៅ​មុខជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​វិជ្ជមាន​ជា​រៀងរាល់ឆ្នាំ និង​បាន​រួមចំណែក​ប្រមាណ ១២,៧% នៃ​ផល​ទុក​សរុប​ក្នុងស្រុក ។​

​ថ្លែង​ក្នុង​វេទិកា​ស្តីពី​ការចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាត​វៃ​ក្នុង​ចក្ខុវិស័យ​ពិភពលោក នៅ​ថ្ងៃ​ទី​៥ កញ្ញា នា​ទីក្រុង​ហូជីមិញ លោក សូ វិសុ​ទ្ធី បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា​ប្រមាណ ១០,៧% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ ៦,២​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៤.៣៥៦ លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ចជាតិ ។​

​លោក​ឱ្យដឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹងថា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​ប្រមាណ​៥​ប៊ី​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​១​លាន​នាក់ ។​

​លោក​បញ្ជាក់​បន្តថា ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើកទឹកចិត្ត ផ្នែក​ពាក់ព័ន្ធ​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន ឱ្យ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ច្រើន ដែល​អាច​រក្សាបាន​នូវ​កំណើន​ទេសចរ និង​បង្កើន​បទពិសោធន៍​ថ្មីៗ​ដល់​ទេសចរ អំពី​តំបន់​គោលដៅ​ទេសចរណ៍​នានា ៕

ព័ត៌មានផ្សេងទៀត