ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានីបាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាសារធាតុសំខាន់បំផុតក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ លោករ៉ូហានីបង្ហាញផែនការនេះនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ ដោយបន្ថែមថាអ៊ីរ៉ង់នឹងជំរុញការស្រាវជ្រាវក៏ដូចជាការអភិវឌ្ឍគ្រប់ប្រភេទទាំងអស់លើបច្ចេកវិទ្យាថ្មីៗ ហើយនឹងចាប់ផ្ដើមពីថ្ងៃទី០៦ខែកញ្ញាតទៅ។
វិធានការរបស់អ៊ីរ៉ង់នៅពេលនេះក្នុងគោលបំណងប្រឆាំងទណ្ឌកម្មរបស់អាមេរិក ដែលនឹងអាចធ្វើឲ្យអ៊ីរ៉ង់ងាកកាន់តែឆ្ងាយពីការប្ដេជ្ញាចិត្ដក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ អ៊ីរ៉ង់បន្ដលើកឡើងម្ដងហើយម្ដងទៀតថា ទណ្ឌកម្មអាមេរិកបានរារាំងមិនឲ្យអ៊ីរ៉ង់ទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលបានសន្យាក្នុងកិច្ចព្រមព្រៀង។
លោករ៉ូហានីសង្កត់ធ្ងន់ផងដែរថា ការស្រាវជ្រាវនិងការអភិវឌ្ឍនឹងអនុវត្ដក្នុងគោលដៅសន្ដិភាព ស្ថិតក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ។ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីនឹងបង្កើនសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូម ប៉ុន្ដែលោករ៉ូហានីមិនបានបញ្ជាក់ពីកម្រិតដែលអ៊ីរ៉ង់អាចស្វែងរកនោះទេ។ ចំពោះអ្នកនាំពាក្យអ៊ីរ៉ង់សម្រាប់ទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើអ៊ីរ៉ង់ចង់អ៊ីរ៉ង់អាចបង្កើនកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បានរហូតដល់២០ភាគរយក្នុងរយៈពេលពីរថ្ងៃ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ធ្លាប់ទទូចឲ្យចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជួយបង្កើនសម្ពាធលើទីក្រុងវ៉ាស៊ីនតោនដើម្បីជួយបន្ធូរបន្ថយទណ្ឌកម្ម។ ចំណែកក្រុមអ្នកតាមដានស្ថានការណ៍បាននិយាយថា ខណៈកំពុងចាត់វិធានការថ្មីអ៊ីរ៉ង់ក៏កំពុងស្វែងរកលទ្ធភាព ដែលអនុញ្ញាតឲ្យមានការចរចាជាមួយមហាអំណាចអឺរ៉ុបដែរ ដើម្បីទទួលបានការគាំទ្រជាក់លាក់ផ្នែកសេដ្ឋកិច្ច៕