លោក​ហ៊ុន សែន សម្រេច​ផ្តល់​ថវិកា​រដ្ឋ​១០០​លាន​ដុល្លារ​​ដើម្បី​ស្តារ​ក្រុង​ព្រះសីហនុ​ឡើងវិញ​

05-09-2019 3:43 pm 1012

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក និង​ណែនាំ​ឲ្យ​អនុវត្ត​គោលការណ៍ «​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ចំពោះ​ការស្ថាបនា ជួសជុល កសាង​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា​។

​ការសម្រេច​នេះ ធ្វើឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការពិនិត្យ និង​ពិភាក្សា​អំពី «​ការធ្វើ​អាទិ​ភាវូបនីយកម្ម ក្នុង​ការជួសជុល និង​សាងសង់​ផ្លូវថ្នល់ ក្នុង​ខេត្ត​ព្រះសីហនុ​» កាលពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ក្រោម​វត្តមាន​ដឹកនាំ​ផ្ទាល់ ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សេចក្តីប្រកាស​ព័ត៌មាន បានឲ្យដឹង​ទៀតថា ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព​លើ​វិធា​ការ និង​គោលការណ៍​បន្ថែម ដូចខាងក្រោម​៖

​ទី​១៖ បន្ត​អនុវត្តន៍​គោលការណ៍ ចំពោះ​វិធានការ​ការងារ​បន្ទាន់ និង​អាទិភាព ក្នុង​ការស្តារ​អូរ​ធម្មជាតិ​ទាំង​៥ និង​លូ ដែល​មាន​ស្រាប់ ដែល​សព្វថ្ងៃ​កំពុង​ទទួល​រង​ការរំលោភ​យក​ចំណី​អូរ និង​ប្រឡាយ ដើម្បី​បើក​មុខទឹក ហូរ និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​។​

​ទី​២៖ ក្នុង​ការស្តារ ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ផ្លូវ​វាង​ក្រុង ការស្តារ​រៀបចំ​អូរ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់​, កិច្ចប្រជុំ​បាន​កំណត់​អាទិភាព និង​វាយតម្លៃ​ពី​ទំហំ​នៃ​ការស្តារ និង​ជួសជុល​កំណាត់​ផ្លូវ​ទាំង​២២​ខ្សែ និង​ផ្លូវ​វាង​ក្រុង តាម​បទដ្ឋាន​ស្តង់ដា ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គុណភាព​, សោ​ភណ្ឌ​ភាព​, សុវត្ថិភាព​, តម្រូវការ​ហិរញ្ញប្បទាន​, តម្រូវការ​នៃ​ការដោះស្រាយ​ផលប៉ះពាល់ ក្នុងនោះ​ត្រូវ​ផ្តោត​លើ​បច្ចេកទេស​ក្នុង​ការសាងសង់ ការត្រួតពិនិត្យ​គុណភាព​សំណង់​, ទំហំ​ផ្លូវ​, ការ​បង្កប់​ប្រព័ន្ធ​ខ្សែកាប​, ទូរស័ព្ទ​, បំពង់​ទឹកស្អាត និង​បណ្តាញ ទឹក​កខ្វក់​/​ទឹកភ្លៀង​ជាដើម ។​

​ទី​៣៖ ចំពោះ​ប្រភព​ហិរញ្ញប្បទាន​, បន្ថែម​លើ​ការឯកភាព​ជាគោលការណ៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឲ្យ​ប្រើប្រាស់ថ​វិ​កា​សន្សំ របស់​រាជរដ្ឋាភិបាល​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​, ត្រូវ​អនុវត្ត​គោលការណ៍ «​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ដែល​ជា​ការណែនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការស្ថាបនា ជួសជុល កសាង​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់ ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​៕

ព័ត៌មានផ្សេងទៀត