មេដឹកនាំ​​ហុងកុង​ថា​​ការដក​​សេចក្ដីព្រាងច្បាប់​​ធ្វើ​បត្យាប័ន​​ចិន​ក៏​គាំទ្រ​ដែរ​

05-09-2019 3:16 pm 433

​មួយថ្ងៃ​បន្ទាប់ពី​ប្រកាស​ដក​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជា​ផ្លូវការ មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​បាន​និយាយថា ការសម្រេចចិត្ដ​ដូច្នេះ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ហុងកុង ជាមួយនឹង​ការគាំទ្រ​ពី​ទីក្រុង​ប៉េកាំង​។ នៅក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​០៥​កញ្ញា​នេះ លោកស្រី​បានបញ្ជាក់​បន្ថែមថា វា​ជា​ការសម្រេចចិត្ដ​មួយរ​បស់រដ្ឋាភិបាល​ហុងកុង ដែលជា​អ្នក​ប្រកាស​ពី​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន ហេតុនេះ​រដ្ឋាភិបាល​ក៏​ជា​អ្នក​ដកចេញ​វិញ​ដែរ​។​

​លោកស្រី​សង្កត់ធ្ងន់​ទៀតថា តាមរយៈ​ដំណើរការ​ទាំងមូល រដ្ឋាភិបាលកណ្ដាល​ប្រជាជន​ចិន​យល់​ពី​គោលជំហរ​របស់​ហុងកុង ថា​ហេតុអ្វី​បានជា​ចាំបាច់​ត្រូវធ្វើ​ដូច្នេះ​។ ចិន​គោរព​ទស្សនៈ​របស់​ហុងកុង ហើយ​ថែមទាំង​បាន​គាំទ្រ​គ្រប់​វិធីសាស្ដ្រ​ដែល​ហុងកុង​ប្រើ​។ អ៊ីចឹង​ទេ​ទោះបី​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន បន្ទាប់មក​បាន​ផ្អាក ហើយ​ពេលនេះ​ត្រូវ​ដកចេញ​វិញ ក៏​ចិន​នៅតែមាន​គោលជំហរ​ដូច​ហុងកុង​។​

​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ជាដើម​ហេតុ​បង្កឲ្យមាន​ការតវ៉ា​ទូទាំង​ក្រុង រហូត​ផ្ទុះ​ជា​អំពើហិង្សា​របួស​មនុស្ស​ជាច្រើន​នាក់ និង​ចាប់ខ្លួន​រាប់រយ​នាក់​ផងដែរ​។ វា​ជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន គិត​តាំងពី​ហុងកុង​បាន​រួច​ពី​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩៧​។ ចំពោះ​ការដកចេញ​ជា​ផ្លូវការ​នូវ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​នេះ គឺជា​ការទាមទារ​មួយ​ស្ថិតក្នុង​ចំណោម​ការទាមទា​រទាំង​៥​ចំណុច​របស់​ក្រុមបាតុករ​ហុងកុង​។ 

​ចំណែក​ការទាមទារ​បួន​ចំណុច​ផ្សេងទៀត​មាន ដក​ពាក្យ​កុបកម្ម​ចេញ​ហើយ​ប្រើពាក្យ​ប្រមូលផ្ដុំ​វិញ ដោះលែង​មនុស្ស​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ទាំងអស់ ត្រូវ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​សកម្ម​ភាពឃោឃៅរ​បស់​ប៉ូលិស និង​ផ្ដល់​សិទ្ធិ​សម្រាប់​ប្រជាជន​ហុងកុង​ក្នុង​ការជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​។ កាសែត​ចិន China Daily​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​០៥​កញ្ញា​នេះដែ​រថា ការដកចេញ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន គឺជា​ការផ្ដល់ឲ្យ​មួយដែល​ក្រុមបាតុករ​មិន​អាចយក​លេស​បន្ដ​អំពើហិង្សា​ទៀតឡើយ​៕

ព័ត៌មានផ្សេងទៀត