​កម្ពុជា​ចុះ​MOU​ជាមួយ​ដៃគូ​​ពាណិជ្ជ​ជប៉ុន​ដើម្បី​ពង្រីក​​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​​

05-09-2019 1:47 pm 132

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ និង​ជំរុញ​បរិយាកាស​ធុរកិច្ច​ល្អ សម្រាប់​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល ដឹកនាំ​ដោយ​លោកស្រី យូ​រី សា​តូ (Yuri Sato) នាយករង​នៃ​អង្គការ JETRO​។ ថ្លែង​ក្នុង​ពិធី​ផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​យកចិត្តទុកដាក់​និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា អនុស្សរណៈ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម និង JETRO​។ 

​រដ្ឋមន្ត្រី​ក្រ​ពាណិជ្ជកម្ម​កម្ពុជា​រូបនេះ ក៏​បានកត់សម្គាល់​នូវ​សកម្មភាព​មួយចំនួន​ដែល JETRO បាន​អនុវត្ត​នៅ​កម្ពុជា រួមមាន ការផ្គូផ្គង​ធុរកិច្ច ការសិក្សា​វិភាគ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុងស្រុក ការសម្របសម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន ការបណ្ដុះបណ្ដាល​មន្ត្រី និង​វិស័យ​ឯកជន និង​ការជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។ ជាមួយគ្នា​នោះ លោក​ក៏បាន​កោតសរសើ​រថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពី​ទីផ្សារ​កម្ពុជា​របស់ JETRO បានផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន Aeon មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជា បន្តបន្ទាប់ ហើយ​ការបង្កើត​ផ្សារ​ទំនើប Aeon នេះដែរ បាន​យកមក​ជាមួយ​នូវ​ស្ដង់ដារ​ល្អៗ ដូចជា​ស្ដង់ដារ​អនាម័យ​ជាដើម មកប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ដែលជា​តម្លៃបន្ថែម​មួយ​នៃ​ការវិនិយោគ​នេះ​ផងដែរ​។​

​ពាក់ព័ន្ធ​នៃ​ការលើកឡើង​របស់​លោ ប៉ាន សូរ​ស័ក្កិ លោកស្រី យូ​រី សា​តូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​សម្របសម្រួល​របស់​ក្រសួង​ពាណិជ្ជកម្ម ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​ក៏​បានកត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ និង​អនុវត្ត ក្នុង​ការសម្រួល​ដល់​ការប្រកប​ធុរកិច្ច និង​ពាណិជ្ជកម្ម ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។ ក្រៅពីនេះ លោកស្រី​បាន​ជម្រាបជូន​ថា JETRO មាន​ការងារ​ថ្មី​មួយ​ដែល JETRO នឹង​អនុវត្ត គឺ​ការជំរុញ​នវានុវត្តន៍ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹង​ការផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​ផងដែរ​។​

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានបញ្ជាក់​ផងដែ​រថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះ​នាពេលនេះ ជា​ការធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួងពាណិជ្ជកម្ម និង​អង្គការ JETRO បាន​ចុះ​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០០៩​។ កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ បាន​រួមចំណែក​ដល់កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុង​ឆ្នាំ​២០០៩ មាន​ចំនួន​តិចតួច ហើយ​ក្នុង​ឆ្នាំ​២០១៨ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ១,៦ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិ​ក​៕

ព័ត៌មានផ្សេងទៀត