លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញានេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីគម្រោងនៃការរៀបចំផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរយៈហ្វេសប៊ុកផ្លូវការ របស់លោកអភិបាលរាជធានីភ្នំពេញរូបនេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងផ្លូវថ្មើរជើងមួយនេះ ( Walk Street ) ឲ្យចេញជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង៕