ក្រុមហ៊ុនHuaweiបានចោទប្រកាន់រដ្ឋាភិបាលអាមេរិក ពីការប្រើគ្រប់មធ្យោបាយដើម្បីរំខានដល់អាជីវកម្មរបស់ខ្លួន។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃអង្គារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះបានឲ្យដឹងថា អាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារតាមអ៊ីនធឺណេត ដើម្បីជ្រៀតចូលបណ្ដាញរបស់ខ្លួន និងកំពុងគំរាមកំហែងបុគ្គលិករបស់ខ្លួនផងដែរ។
យ៉ាងណាមិញក្រុមហ៊ុនHuawei ដែលត្រូវបានអាមេរិកបញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មក្នុងឆ្នាំនេះ មិនបានផ្ដល់ភស្ដុតាងលម្អិតជុំវិញការចោទប្រកាន់លើអាមេរិកទេ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុនបានបន្ថែមទៀតថា អាមេរិកបានឃុំបុគ្គលិករបស់ខ្លួនដោយខុសច្បាប់ លួចវាយប្រហារតាមអ៊ីនធឺណេតចូលជ្រៀតជ្រែកក្នុងបណ្ដាញព័ត៌មានរបស់ក្រុមហ៊ុន ហើយក្រុមFBIអាមេរិកបានបញ្ជូនបុគ្គលិករបស់Huaweiឲ្យទៅផ្ទះ នឹងដាក់សម្ពាធឲ្យប្រមូលព័ត៌មានទាក់ទងនឹងក្រុមហ៊ុន។
ដូច្នេះក្រុមហ៊ុនសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវរបស់រដ្ឋាភិបាលអាមេរិក ក្នុងការធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសក្រុមហ៊ុន ព្រមទាំងទប់ស្កាត់ជំហរដឹកនាំរបស់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្ម៕