អាមេរិក​-​ចិន​​នឹង​ជួបចរចា​ជាថ្មី​​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​នៅ​ដើម​ខែតុលា​

05-09-2019 10:00 am 248
មន្ដ្រី​អាមេរិក​​និងចិន​​ពេលជួបគ្នា​កន្លងមក

​ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​នៅ​ថ្ងៃទី​០៥​កញ្ញា​នេះ​ថា ប្រទេស​ចិន​និង​អាមេរិក​នឹង​ជួប​ពិភាក្សាគ្នា​ជាថ្មី​ស្ដីពី​សង្គ្រាម​ពាណិជ្ជកម្ម នៅ​ដើម​ខែតុលា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ កិច្ចពិភាក្សា​នេះដែរ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទាំងពីរ បានប្រកាស​ដំឡើង​ពន្ធ​ទៅវិញទៅមក​លើ​ទំនិញ​កាលពី​ថ្ងៃទី​០១​ខែ​កញ្ញា​។ ឧបនាយករដ្ឋមន្ដ្រី​ចិន​និង​តំណាង​ផ្នែក​ពាណិជ្ជកម្ម​រួមទាំង​រដ្ឋមន្ដ្រី​រតនាគា​រ​អាមេរិក ជា​អ្នកស្នើសុំ​ឲ្យមាន​កិច្ចពិភាក្សា​ធ្វើឡើង​ម្ដងទៀត​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងពាណិជ្ជកម្ម​ចិន​។ មុន​ចាប់ផ្ដើម​កិច្ចចរចា​នៅ​ខែតុលា ក្រុមការងារ​ផ្នែក​ពាណិជ្ជកម្ម​នឹង​ជួប​ប្រឹក្សា​យោបល់​នៅ​ពាក់កណ្ដាល​ខែកញ្ញា ហើយនឹង​ចាត់វិធានការ​ដើម្បី​បង្កើតឲ្យបាន​លក្ខខណ្ឌ​អំណោយផល​។ 

​គួរ​បញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់​តំណាង​របស់​អាមេរិក​និង​ចិន បាន​ជួបគ្នា​លើកចុងក្រោយ​ក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​កាលពី​ខែកក្កដា ដែល​បាន​ចាត់ទុកថា​មាន​លទ្ធផល​ល្អ​ច្រើន ប៉ុន្ដែ​បាន​បិទ​បញ្ចប់​ដោយ​គ្មាន​សេចក្ដីប្រកាស​រួម​៕

ព័ត៌មានផ្សេងទៀត