គ្រោះថ្នាក់​​ចរាចរណ៍​​ក្នុង​ខែកក្កដា​​ឆ្នាំនេះ​​កើន​៤១%​​បើ​ធៀប​នឹង​ឆ្នាំមុន​

05-09-2019 9:20 am 206

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែងថា ទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា​ឆ្នាំនេះ បាន​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​ក្តី តែ​តួលេខ​បានបង្ហាញ​ពី​ការថយចុះ​រវាង​ខែមិថុនា​និង​ខែកក្កដា ឆ្នាំនេះ ដែល​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​គ្រប់​មធ្យោបាយ និង​អស់​លទ្ធភាព ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ 

​របាយការណ៍​របស់​គណៈ​កម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោ​កបានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៩ កើនឡើង​ចំនួន​៩៨​លើក​ស្មើនឹង​៤១% បើ​ធៀប​នឹង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែកក្កដា​ឆ្នាំ​២០១៨ ប៉ុន្តែ​ថយចុះ​៦​ករណី ស្មើនឹង​២% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំនេះ ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែកក្កដា ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​៤ កញ្ញា លោក ស៊ុន ចាន់ថុល ថ្លែង​បញ្ជាក់ថា ទិសដៅ​បន្ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​បន្ត​យុទ្ធនាការ​ចែក​មួកសុវត្ថិភាព បំពាក់​ផ្លាកសញ្ញា បិទ​ចំណាំងផ្លាត ជួសជុល និង​ថែទាំ​ផ្លូវ សកម្មភាព​និង​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ។​

​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​រូបនេះ​បាន​បន្តថា វិធានការ​មួយចំនួន​ដូចជា ការដាក់​កាមេរ៉ា​តាមផ្លូវ​ដើម្បី​ចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ ការ​ល្បាត​ឆ្មក់​ពេលយប់​តាម​ដងផ្លូវ ការដាក់​ជញ្ជីង​លើ​ដងផ្លូវ​មុខ​រោងចក្រ​ផលិត​ស៊ីម៉ង់ ការបិទ​យានដ្ឋាន​ខុសច្បាប់​ឱ្យអស់​ដំណាច់​ឆ្នាំនេះ នឹង​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត