លោក​ត្រាំ​​ព្រមាន​ចិន​ជាថ្មី​​ខណៈ​សង្គ្រាម​​ពាណិជ្ជកម្ម​​កំពុង​រំខាន​​សេដ្ឋកិច្ច​​អាមេរិក​

04-09-2019 4:02 pm 884

​ចន្លោះពេល​មាន​សញ្ញា​បង្ហាញ​ពី​ការផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាថ្មី ដែល​កំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ប្រទេស​ចិន ដោយ​ជំរុញ​មិនឲ្យ​មហាអំណាច​នៅអាស៊ី​មួយនេះ ឈាន​ជើង​ចូលក្នុង​ការចរចា​ពាណិជ្ជកម្ម​ទៀតឡើយ​។ បន្ទាប់ពី​រយៈពេល​មួយខែ​នៃ​ការឡើង​កម្ដៅ​ពាណិជ្ជកម្ម​ជាថ្មី នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ពេល​ច្រើន​ឆ្នាំ​មកហើយ​នោះ លោក​ត្រាំ​បាន​ផ្ញើ​សារ​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា អ្នកចរចា​ចិន​ប្រហែលជា​លែង​ចង់ឲ្យមាន​កិច្ចព្រមព្រៀ​ង​ល្អ​ប្រសើរហើយ ព្រោះ​គិតថា​លោក​នឹង​ត្រូវគេ​បោះឆ្នោត​ទម្លាក់​ក្នុង​អាណត្ដិ​ក្រោយ​។​

​លោក​សង្កត់ធ្ងន់ថា ខណៈដែល​លោក​ដឹង​ច្បាស់​ចិន​កំពុង​ទន្ទឹងរង់ចាំ​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ថ្មី រយៈពេល​១៦​ខែ​បូក​គឺជា​ពេលវេលា​ដ៏​យូរ ដើម្បី​ធ្វើ​ការងារ​ជា​ក្រុម​និង​ការទាក់ទង​គ្នា​។ លោក​ថា​សេដ្ឋកិច្ច​ចិន​ដែល​កំពុង​ធ្លាក់ចុះ អាច​នឹងត្រូវ​បន្ដ​រង់ចាំ​ពេល​ងើប​ឡើងវិញ​ទាំង​លំបាក​។ បន្ទាប់ពីនោះ​អ្វីដែល​អាច​កើតឡើង​លើ​ប្រទេស​ចិន​ក្រោយ​លោក​ជាប់ឆ្នោត គឺ​កិច្ចព្រមព្រៀង​ប្រាកដ​ណា​ស់នឹង​កាន់តែ​តឹង​ជាង​មុន​ទៅទៀត​។​

​ស្របពេល​លោក​ត្រាំ​បានចង្អុលបង្ហាញ​ពី​សេដ្ឋកិច្ច​ចិន​ដែល​កំពុង​ចុះខ្សោយ ការស្ទង់មតិ​មួយ​បានឲ្យដឹងថា វិស័យ​ផលិតកម្ម​របស់​អាមេរិក​ដែល​លោក​ត្រាំ​បាន​យកឈ្នះ​ជា​យូរ​មកហើយ​នោះ បានរួម​តូច​ជា​លើកដំបូង​ក្នុង​រយៈពេល​បី​ឆ្នាំ​។ អ្នកសេដ្ឋកិច្ច​បាន​និយាយថា ទោះបី​ពេលនេះ​មិនអាច​ចាត់ទុកថា​អាមេរិក​មាន​វិបត្ដិ​សេដ្ឋកិច្ច ប៉ុន្ដែ​វា​ក៏​ជា​សញ្ញា​មួយ​គួរឲ្យ​ព្រួយបារម្ភ​ដែរ​។​

​គួរ​បញ្ជាក់ថា​ថ្មីៗ​នេះ ទាំង​អាមេរិក​និង​ចិន​បានប្រកាស​គ្រោង​ដំឡើង​ពន្ធ លើ​ទំនិញ​នាំចូល​ទៅវិញទៅមក បន្ទាប់ពី​ការចរចា​រក​មិនឃើញ​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ ការដំឡើង​ពន្ធ​លើ​ទំនិញ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ទៀតសោត បានធ្វើឲ្យ​អន្ដរជាតិ​បារម្ភ​ជាថ្មី ខ្លាច​ប៉ះទង្គិច​ដល់​សេដ្ឋកិច្ចពិភពលោក ព្រោះ​ច្បាស់​ណាស់​ថា​មិនមែន​មានតែ​អាមេរិក​និង​ចិន​ទេ​ដែល​រងគ្រោះ ប្រទេស​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​មហាអំណាច​ទាំងពីរ​អាច​នឹង​រងគ្រោះ​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត