ហិង្សា​កើតឡើង​ជាថ្មី​​រវាង​ប៉ូលិស​​ជាមួយ​ក្រុមបាតុករ​​ហុងកុង​​របួស​មនុស្ស​​មួយចំនួន​

04-09-2019 3:24 pm 273
រូបភាព​​នៃការផ្ទុះអំពើហិង្សាកន្លងមក

​បុរស​បីនាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់ពី​ការតវ៉ា​នៅ​ហុងកុង​ឈានដល់​ការប៉ះទង្គិច​រវាង​ប៉ូលិស​ជាមួយ​ក្រុមបាតុករ​កាល​ពី​យប់​ថ្ងៃ​អង្គារ​។ ប៉ូលិស​បង្ក្រាប​កុបកម្ម​បាន​បាញ់កាំភ្លើង​គ្រាប់​ជ័រ បាញ់​ស្ព្រាយ ដើម្បី​បំបែក​ក្រុមបាតុករ​ពី​ខាងក្រៅ​ស្ថានីយ​ប៉ូលិស​Mong Kok និង​ស្ថានីយ​រថភ្លើង Prince Edward​។ ភ្លាមនោះ​ក៏មាន​មនុស្ស​ជួប​បញ្ហា​ដែល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​ក្រុម​តវ៉ា​ចោទថា​ប៉ូលិស​បានធ្វើ​ទង្វើ​ដ៏​សាហាវឃោឃៅ​។ យ៉ាងណាក៏ដោយ​ប៉ូលិស​បាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​ចំពោះ​ករណីនេះ តែ​មិនបាន​ឆ្លើយតប​នឹង​ការសុំ​ឲ្យ​បកស្រាយ​ឡើយ​។​

​គួររម្លឹកថា ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​បានចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា​មកម្ល៉េះ ដើមហេតុ​គឺ​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ក្រោយពី​នោះ​ការតវ៉ា​ក៏​រីក​រាលដាល​កាន់តែខ្លាំង ហើយក៏​មាន​ការទាមទា​រ​កាន់តែខ្លាំង​ដែរ​។ បច្ចុប្បន្ន​នៅ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ទេ ខណៈ​អំពើហិង្សា​រវាង​ប៉ូលិស​ជាមួយ​ក្រុមបាតុករ​បាន​កើតឡើង​ជា​ញយ​ដង​៕

ព័ត៌មានផ្សេងទៀត