​លោក​ទៀ បាញ់​បញ្ជា​​ឱ្យ​ឆាប់​ប្រមូល​ឈ្មោះ​មន្ត្រី​យោធា​​ដែលមាន​ងារ​ជា​ឧកញ៉ា

04-09-2019 11:43 am 485

​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ហាម​មិន​ឱ្យមាន​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មាន​ងារ​ជា​ឧកញ៉ា ម្រ​មុខ​ការពារជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​បញ្ជា​ឱ្យ​អង្គភាព​ចំណុះ​ក្រសួង​ការពារជាតិ​ទាំងអស់ ត្រូវ​ប្រមូល​ទិន្នន័យ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​របស់ខ្លួន​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ឲ្យបាន​ឆាប់រហ័ស ដើម្បី​កំណត់​ថ្ងៃ​ជួបគ្នា​ក្នុង​ការជ្រើសរើស​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ទាំង​២​។

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​បញ្ជា​ផ្ទាល់​ទៅកាន់​អង្គភាព​ចំណុះ​ក្រសួង​ការពារជាតិ​ទាំងអស់​ត្រូវ​ប្រមូល​ទិន្នន័យ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​របស់ខ្លួន​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ឲ្យបាន​ឆាប់រហ័ស ដើម្បី​កំណត់​ថ្ងៃ​ជួបគ្នា​ក្នុង​ការជ្រើសរើស​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ទាំង​២​។ ការ​ថ្លែង​បែបនេះ​របស់លោក​ក្នុង​ពិធី​សម្ពោធ​បន្ទាយ​កងទ័ព​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ នា​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២១៩​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ មានប្រសាសន៍ថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​ទិន្នន័យ​ទាំងអស់ គ្រប់​បញ្ជាការដ្ឋាន​កង​ទ័ព ដែល​រួមមាន បញ្ជាការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការ​អាវុធហត្ថ និង​ក្រសួងការពារជាតិ​ផ្ទាល់ និង​អង្គភាព​មួយចំនួនទៀត​។ លោក​បន្តថា បន្ទាប់ពី​ប្រមូល​ទិន្ន័យ​រួច លោក​នឹង​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អ្នក​ទាំងនោះ​ដើម្បី​ឱ្យមាន​ការសម្រេចចិត្ត​បន្តទៅទៀត​។ ប៉ុន្តែ​លោក​ទៀ​បាញ់ បញ្ជាក់ថា ការធ្វើការងារ​នេះ ត្រូវធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ជៀសវាង​ការ​អាក់អន់ស្រពន់ចិត្ត​ពី​អ្នក​ទាំងនោះ​។​

​តាម​ព្រះរាជក្រឹត្យ ងារ​ឧកញ៉ា លោក​ឧកញ៉ា អ្នកឧកញ៉ា ជា​ងារ​កិត្តិយស ដែល​ព្រះមហាក្សត្រ​ទ្រង់​សព្វព្រះទ័យ ប្រទាន​ដល់ កូនចៅ​ប្រជារាស្ត្រ​ដែលជា​អ្នកមាន​អាជីវកម្ម​សុច្ចរិត មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ច្រើន​លើស​អស់​បណ្ដាជន​ដទៃ ហើយ​ដែល​បានរួម​បរិច្ចាគ​ទ្រព្យធន វិភាគទាន​ចូលរួមចំនែក​ច្រើន​ជួយ​កសាង​ជាតិ ជួយ​ប្រជារាស្ត្រ ជួយ​ផ្នែក​មនុស្សធម៌​សង្គម ក្នុង​ព្រះ​នគរ ហើយ​ទទួលបាន​ការគោរព ស្រលាញ់​ពី​បណ្ដាជន ប្រជារាស្ត្រ​ទូទៅ​។​ល​។ 

យោងតាម​តួលេខ​ចេញផ្សាយ​ជា​សាធារណៈ​នាពេល​កន្លងទៅ​បានឲ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៩៤ រហូតមក​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០១៤ កម្ពុជា​មាន​ឧកញ៉ា​ចំនួន​៧០៤​នាក់ ស្របពេល​តាមច្បាប់​ថ្មី​បាន​ចែងថា អ្នក​ដែល​ទទួលបាន​ងារ​ជា​ឧកញ៉ា គឺ​រាល់​សប្បុរសជន​ណា​ដែល​បានធ្វើ​អំណោយ​ដល់​រដ្ឋ​លើសពី​៥០ ម៉ឺន​ដុល្លារ​ឡើង​ទៅនោះ​នឹង​ត្រូវបាន​រដ្ឋាភិបាល​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា​។​

​សូមបញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​សីហា បានបញ្ជាក់​ក្នុង​ហ្វេ​សប៊ុក​លោកថា រាជរដ្ឋាភិបាល​កម្ពុជា ហាម​មិនឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មានដូចជា​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀតឡើយ ដែល​កន្លងមក​មាន​មួយចំនួន​បាន​យក​តួនាទី​ទាំងនេះ​ទៅ​ប្រកបការងារ​ផ្សេងៗ​ខុសច្បាប់​៕

 

ព័ត៌មានផ្សេងទៀត