លោក​ម៉ា​ឌូ​រ៉ូ​​ព្រមាន​ពី​​ការវាយប្រហារ​​របស់​កូឡុំប៊ី​​និង​បញ្ជា​ឲ្យធ្វើ​​សមយុទ្ធ​ត្រៀមខ្លួន​

04-09-2019 11:12 am 195
រូបភាព​លោកម៉ាឌូរ៉ូ​និងកងទ័ព​វេណេហ្ស៊ូអេឡា

​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ​កាលពី​ថ្ងៃ​អង្គារ បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ប្រកាសអាសន្ន ពី​ការវាយប្រហារ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កូឡុំប៊ី និង​បានប្រកាស​ពី​សមយុទ្ធ​យោធា​នៅតាម​ព្រំដែន ចំពេល​កំពុង​មានការ​រៀបចំ​អាវុធ​ឡើងវិញ​។ ពេល​ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​លោក​ម៉ា​ឌូ​រ៉ូ​ឲ្យដឹងទៀតថា លោក​បាន​បញ្ជា​ឲ្យ​មេបញ្ជាកា​រកងទ័ព​នៅ​គ្រប់​អង្គភាព​ទាំងអស់​នៅ​ព្រំដែន ត្រូវ​ប្រកាស​ពី​ភាពអាសន្ន​ក្នុង​ការប្រឈមមុខ​ជាមួយ​ការគំរាមកំហែង​ឈ្លានពាន​ពី​ប្រទេស​កូឡុំប៊ី​។ ចំណែក​សមយុទ្ធ​ប្រចាំឆ្នាំ​នឹង​ចាប់ផ្ដើម​ចន្លោះ​ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៩​ខែ​កញ្ញា នៅតាម​បណ្ដា​រដ្ឋ​មួយចំនួន​ជាប់​ប្រទេស​កូឡុំប៊ី​។ 

​សូមបញ្ជាក់ថា ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ កំពុង​ហ៊ុំព័ទ្ធ​ដោយ​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង ពី​សំណាក់​មេដឹកនាំ​ក្រុមប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ​។ បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ភាគច្រើន​នៅ​អឺរ៉ុប ពិសេស​គឺ​សហរដ្ឋអាមេរិក បាន​គាំទ្រ​មេបក្ស​ប្រឆាំង​ឲ្យ​បណ្ដេញ​លោកម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ដោយ​ចោទថា​ដឹកនាំ​ធ្វើឲ្យ​ប្រទេ​សធ្លាក់​ក្នុង​វិបត្ដិដ៏​ធ្ងន់ធ្ងរ​។ ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូប្រកាស​បដិសេធ​ដាច់ខា​តមិន​ចុះចេញ​ឡើយ ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ ពេលនេះ​វិបត្ដិ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ទេ​៕

ព័ត៌មានផ្សេងទៀត