នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ខឹង​យ៉ាងខ្លាំង​​ក្រោយ​បរាជ័យ​​ក្នុង​ការបោះឆ្នោត​​នៅ​សភា​

04-09-2019 9:02 am 569

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​Boris Johnson បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្រោយពី​លោក​បរាជ័យ​ក្នុង​ការបោះឆ្នោត​នៅ​សភា​។ ជា​ការបោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ លើ​យុទ្ធសាស្ដ្រ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់លោក ប៉ុន្ដែ​សមាជិកសភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​ភាគច្រើន​។ សមាជិកសភា​បោះឆ្នោត​ប្រឆាំង​រហូតដល់​៣២៨​សំឡេង ខណៈ​សំឡេងគាំទ្រ​មានតែ​៣០១​សំឡេង​ប៉ុណ្ណោះ​។ តាម​លទ្ធផល​នេះ​បានន័យថា អង់គ្លេស​មិនអាច​ដើរ​ចេញពី​សហភាព​អឺរ៉ុប​តាម​កំណត់ នៅ​ថ្ងៃទី​៣១​ខែតុលា​ខាងមុខ​បានទេ​។​

​លោក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បាន​ព្រមាន​ថា លោក​នឹង​ស្នើឲ្យ​មាន​ការបោះឆ្នោត​មុនកំណត់​មួយដើម្បី​ដោះស្រាយ​បញ្ហា​។ លោក​ថា​លោក​ក៏​មិន​ចង់ឲ្យមាន​ការបោះឆ្នោតដែរ ប៉ុន្ដែ​ប្រសិនបើ​សមាជិកសភា​សម្រេច​បញ្ឈប់​ការចរចា ហើយ​ចង់​គាំទ្រ​លើ​ការពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប ដែលជា​រឿង​គ្មាន​ប្រយោជន៍​ទៀត​នោះ ចាំបាច់​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​។ ទីប្រឹក្សា​របស់លោក​ធ្លាប់​ប្រកាសថា ការបោះឆ្នោត​អាច​នឹង​ធ្វើឡើង​មុន​ដល់​ថ្ងៃ​កំណត់​ចេញពី​អឺរ៉ុប​។​

​រយៈពេល​៦​សប្ដាហ៍​បន្ទាប់ពី​ចូល​កាន់តំណែង លោក​Boris Johnson​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម បាន​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមប្រឆាំង ហើយ​សូម្បី​សមាជិក​ក្នុង​គណបក្ស​របស់លោក​ក៏​ប្រឆាំង​លោក​ដែរ​។ សមាជិក​គណបក្ស​អភិរក្សនិយម​ចំនួន​២១​រូប បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​រៀបចំ​សេចក្ដីព្រាង​មួយ​បញ្ឈប់​ផែនការ​ចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ពួកគេ​គ្រោង​នឹង​ស្នើឲ្យ​មាន​ការពន្យារពេ​ល​បី​ខែ គឺ​រហូតដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប ត្រូវបាន​លើក​ពេល​រួចមកហើយ​។ តាមពិត​កាលបរិច្ឆេទ​កំណត់​លើកដំបូង​គឺ​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​ឯណោះ​ទេ ប៉ុន្ដែ​ដោយសារ​ខ្វែងគំនិត​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប ទើប​ត្រូវ​ពន្យារពេល​រហូតដល់​បច្ចុប្បន្ន​។ លោកស្រី​នាយករដ្ឋមន្ដ្រី​Theresa May​ដែលជា​អ្នកទទួល​កិច្ចការ​នេះ បាន​សម្រេចចិត្ដ​ចុះចេញ​ពី​តំណែង​ដោយសារតែ​បរាជ័យ​ក្នុង​ការនាំយក​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ក្រោយមក​ក៏មាន​ការបោះឆ្នោត​គាំទ្រ​ឲ្យ​លោក​Boris Johnson ធ្វើជា​នាយករដ្ឋមន្ដ្រី​បន្ដ​ដឹកនាំ​កិច្ចការ​នេះ ប៉ុន្ដែ​មិនដឹងថា​អាច​ជោគជ័យ​ឬ​បរាជ័យ​ទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត