លោក​ស៊ុន ចាន់ថុល​រំឭក ហុង ភារិន​ត្រូវ​យកចំណេះ​ជំនាញ​មក​បម្រើ​ប្រទេស​

03-09-2019 7:08 pm 2504

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​និស្សិត ហុង ភា​រិន នៅ​ថ្ងៃ​ទី​៣ កញ្ញា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្រើនរំឭក​ឱ្យ​និស្សិត​រូបនេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ខ្លួន​បន្តទៀត និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ភារិន​មាន​ស្មារតី​ស្រឡាញ់​សង្គមជាតិ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក្នុងនាម​ខ្លួន​ជា​កូន​ខ្មែរ ត្រូវ​យកចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​មក​បម្រើ​ប្រទេសជាតិ​វិញ ។​

​ក្នុងជំនួប​នោះ និស្សិត ហុង ភា​រិន បានឱ្យដឹងថា លោក​មាន​បំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃ​ការចងចាំ​លំដាប់ថ្នាក់​ពិភពលោក​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ធ្នូ​ខាងមុខ នៅ​ប្រទេស​ចិន ក្នុង​គោលបំណង​បង្ហាញ​ពី​សមត្ថភាព​កូន​ខ្មែរ និង​ទង់​ជាតិខ្មែរ នៅ​ក្នុង​ការប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក ។​

​និស្សិត ហុង ភា​រិន ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សមត្ថភាព​ពិសេស​ផ្នែក​ចង​ចាំ​បាន​ល្អ ។ នា​ពេល​ថ្មីៗ​នេះ ភារិន​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការចងចាំ​របស់ខ្លួន​ក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ «Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន ។ និស្សិត​ដែល​បន្ត​ការសិក្សា​អាហារូបករណ៍​នៅ​ប្រទេស​ថៃ​រូបនេះ ត្រូវបាន​មហាជន​ទូទៅ​ប្រសិទ្ធ​នាម​ថា ជា​អច្ឆរិយ​កម្ពុជា ភា​រិន ៕

ព័ត៌មានផ្សេងទៀត