រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ដាក់ចេ​ញ​៧​ចំណុច​ណែនាំ​ដល់​ពលរដ្ឋ​និង​អាជ្ញាធរ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​

03-09-2019 4:32 pm 290

​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​ចៅសង្កាត់ កងកម្លាំង ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​សំរោង ទាំងអស់​អោយបាន​ជ្រាបថា ដោយសារ​តែ​កន្លងមក​តំបន់​នេះ តែងតែ​ទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា និង​ដោយ​សង្កេតឃើញ​ថា នៅពេល​នេះ​ប្រទេស​កម្ពុជា កំពុងតែ​ទទួលរង​នៅ​ជ្រលង​សម្ពាធ​ទាប ដែល​អាច​អោយ​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​៩ ខែកញ្ញា​នោះ នៅពេល​នេះ​រដ្ឋបាល​ខេត្ត​សូមអោយ​បងប្អូន និង​អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​ចាំបាច់ និង​បន្ទាន់​មួយចំនួន​។​

​វិធានការ​ដែល​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​រួមមាន​៖

១.​ត្រូវ​ទុកដាក់​និង​វេច​ខ្ចប់​កសិផល ទ្រព្យសម្បត្តិ​ផ្សេងៗ​ឲ្យបាន​ល្អ ហើយ​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព ជាមួយគ្នានេះ សត្វពាហនៈ ក៏​ត្រូវ​គិតគូរ​រក​ទីទួល​ដើម្បី​ចល័ត និង​សង្គ្រោះ​

២.​ត្រូវ​ហាមប្រាម និង​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេងៗ ជន​ងាយ​រងគ្រោះ ចំពោះ​ការលេងទឹក ឬ​ងូតទឹក​ស្រះ បឹង អូរ ត្រពាំង ដែល​អាច​បង្ក​ឲ្យមាន​ហានិភ័យ និង​ប៉ះពាល់​ដល់​អាយុជីវិត​

៣.​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សត្វ​ពស់ និង​សត្វ​មាន​ពិស​នានា ព្រោះថា​នៅពេល​មានការ​លិច​ទឹក ទីតាំង​ដំបូក ទីទួល​ស៊ុបទ្រុប ចុងឈើ​លិច​ទឹក និង​នៅ​ក្នុងផ្ទះ ក៏​អាច​ជា​ជម្រក​របស់​សត្វ​ទាំងនោះ​ផងដែរ​

៤.​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​នៅ​រដូវភ្លៀង​នេះ ជាពិសេស​ការគិតគូរ​ទៅលើ​ទឹក​បរិភោគ ក្នុង​ករណី​គ្មាន​ទឹកស្អាត ត្រូវ​ពិសារ​ទឹក​ដាំ​ពុះ​ជានិច្ច ដើម្បី​បង្ការ​បាន​នូវ​ជំងឺ​អាសន្ន​រោគ និង​ការ​រាតត្បាត​ជំងឺ​ផ្សេងៗ​

៥.​នៅ​ទីប្រជុំជន​ក្រុង ត្រូវ​ពិនិត្យមើល​ប្រព័ន្ធ​លូបង្ហូរទឹក បញ្ចៀស​កុំឲ្យ​មាន​សំរាម កាកសំណល់​នានា ឬ​ដី​ដែល​រាំងស្ទះ ដល់​ការហូរ​រំដោះ​ទឹក​ចេញ​ពី​ទីប្រជុំជន​

៦.​រាល់​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

៧.​សូម​ធ្វើ​សេចក្តីរាយការណ៍​ជាបន្ទាន់ ដល់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ករណី​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ដើម្បី​ផ្តល់ព័ត៌មាន ក៏ដូចជា​ស្វែងរក​មធ្យោបាយ​ដោះស្រាយ និង​កិច្ចសហការ​ពី​មន្ទីរ​វិស័យ​នានា ដែល​មាន​ការពាក់ព័ន្ធ​ដើម្បី​បញ្ចៀស​ឲ្យបាន​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅតាម​លទ្ធភាព​ជាក់ស្តែង​៕

ព័ត៌មានផ្សេងទៀត