មេដឹកនាំ​ហុងកុង ​៖ «​ មិន​លាលែង​ពី​តំណែង​ជា​ជម្រើស​របស់ខ្ញុំ ​»

03-09-2019 12:07 pm 381

«​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត​ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ​នេះ ថា​ខ្ញុំ​និង​ក្រុម​របស់ខ្ញុំ គួរតែ​បន្ត​នៅ​ជួយ​ហុងកុង និង​ជួយ​ហុងកុង​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ និង​បម្រើប្រជាជន​ហុងកុង​។ ខ្ញុំ​សុខចិត្ត​បន្ត​ដើរ​លើផ្លូវ​នេះ រួមជាមួយ​ក្រុមការងា​រ​ខ្ញុំ​និង​ប្រជាជន​ហុងកុង​។​» នេះ​បើតាម​សំឡេង​បែកធ្លាយ ដែល​លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង និយាយ​ក្នុងឱកាស​ប្រជុំ​បិទទ្វារ ជាមួយ​អ្នកជំនួញ កាលពី​សប្តាហ៍​មុន​។ សំឡេង​បែកធ្លាយ​នោះ លោកស្រី​ខា​រី ឡា​ម ដែល​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ដ៏​មហិមា ក៏បាន​និយាយ​ផងដែ​រថា ប្រសិនបើ​មាន​ជម្រើស លោកស្រី​នឹង​ចុះ​ចេញពី​តំណែង​។ 

​យ៉ាងណាក៏ដោយ លោកស្រី​បាន​និយាយ​ហើយ​ថា មិនបាន​គិត​អំពី​ការពិភាក្សា ពី​ការលាលែង​ពី​តំណែង ជាមួយ​រដ្ឋាភិបាល​របស់​ប្រជាជន​កណ្តាល​នោះទេ ហើយ​ជម្រើស​នៃ​ការមិន​លាឈប់​ពី​តំណែង គឺជា ជម្រើស​ផ្ទាល់ខ្លួន​របស់​លោកស្រី​។ លោកស្រី​ខា​រី ឡា​ម​បានសម្រេច​ប្រឈមមុខ​ដោះស្រាយ វិបត្តិ​ដែល​កំពុង​រួម​រិត​ទីក្រុង​ហុងកុង​។ លោកស្រី​ត្រូវ​ពន្លឿន​ការដោះស្រាយ​វិបត្តិ​នេះ ពីព្រោះ​ភាពចលាចល បាន​ក្លាយជា​បញ្ហា​សន្តិសុខ​និង​អធិបតេយ្យភាព​ជាតិ​សម្រាប់​ប្រទេស​ចិន ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​លោកស្រី​មិន​បានឲ្យដឹង​នៅឡើយ​ទេ ពី​មធ្យោបាយ​សម្រាប់​ប្រើប្រាស់ ដើម្បី​បញ្ចប់​ភាពចលាចល ដែល​កើតចេញពី​ការតវ៉ា​របស់​អ្នកប្រជាធិបតេយ្យ​ហុងកុង​។​

​អ្នកប្រជាធិបតេយ្យ​ហុងកុង បាន​ផ្ទុះ​ការតវ៉ា​តាំងពីដើម​ខែមិថុនា​មក ដោយ​ក្បួន​តវ៉ា​ធំៗ តែងតែ​ធ្វើឡើង​រៀងរាល់​ចុង​សប្តាហ៍​។ ការតវ៉ា​ដំបូង ផ្តើមចេញពី​ការទាមទា​រឲ្យរដ្ឋាភិបាល​លុបចោល សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ដ្បិត​រដ្ឋាភិបាល​ហុងកុង បាន​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​ហើយ​ក្តី ប៉ុន្តែ​ពួកគេ​នៅ​តែបន្តប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំទៀត ដើម្បីទាមទារសិទ្ធិសេរីភាពកាន់តែច្រើនឡើង និងទាមទារឲ្យលោកស្រីឡាមចុះចេញពីតំណែង។ ការតវ៉ាបានរីករាលដាល ទៅជា​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​ប៉ូលិស​និង​ក្រុមបាតុករ​​៕

ព័ត៌មានផ្សេងទៀត