​អ្នក​ជំនិត​​លោក​កឹម សុខា ​ស្រែក​រក​យុត្តិធម៌​​ក្នុង​ខួប​​គម្រប់​២​ឆ្នាំ​​នៃ​ការ​ចាប់ខ្លួន​លោក​​

03-09-2019 11:15 am 495

​គិត​ចាប់ពី​រាត្រី​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​មកដល់ពេលនេះ ការឃុំខ្លួន​លោក​កឹម សុខា គឺមាន​រយៈពេល​ពីរ​ឆ្នាំ​គត់​។ រយៈពេល​ពីរ​ឆ្នាំ​មកនេះ លោក​មិនទាន់​ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​នៅឡើយ​ទេ​។ ប៉ុន្តេ ការចាប់ខ្លួន​លោក គឺ​សំអាង​ទៅលើ​សារ ក្នុង​វី​ឌី​អូ ឃ្លីប​មួយ ដែល​លោក​អ៊ូ ច័ន្ទ​រ័ត្ន ថា​គ្មាន​ខ្លឹមសារ​អ្វី​ធំដុំ​សោះ ក្នុង​ការយកមក​ធ្វើជា​មូលហេតុ​នៃ​ការចាប់ខ្លួន​។ ការណ៍​នេះ ទើប​លោក​អ៊ូ ច័ន្ទ​រ័ត្ន និង​លោក​ឡៅ ម៉ុងហៃ ដែលជា​អ្នក​ជំនិត​នឹង​លោក​កឹម សុខា ស្រែក​រក​យុត្តិធម៌ និង​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ឲ្យមាន​សេរីភាព​វិញ​។ 

​ជា​អ្នកវិភាគ​ស្ថានភាព​សង្គម និង​នយោបាយ ដែល​ធ្លាប់​ទីប្រឹក្សា​លោក​កឹម សុខា ផង គឺ​លោក​ឡៅ ម៉ុងហៃ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ស្រែករកយុត្តិធម៌ នៅ​ថ្ងៃ​គម្រប់​ខួប​២​ឆ្នាំ នៃ​ការ​ចាប់ឃុំខ្លួន​លោក​កឹម សុខា ដែលរាប់​តាំងពី​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ជាប់ ព្រំដែន​វៀតណាម កាលពី​រាត្រី​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​។​

​លោក​ឡៅ ម៉ុងហៃ ទាមទារ​ឲ្យ​ដោះលែង លោក​កឹម សុខា ឲ្យមាន​សេរីភាព​វិញ ដែល​លោក​ចាត់ទុក​ការឃុំខ្លួន​លោក​កឹម សុខា ថា អយុត្តិធម៌​ខ្លាំងណាស់​។ លោក​ឡៅ ម៉ុងហៃ និយាយថា ការឃុំ​បន្ត​រហូត​អត់​ថ្ងៃ​កាត់ទោស បែបនេះ​បើ​ឃុំ​នៅក្នុង​គុក​នៅ​ត្រពាំងផ្លុង​វិញ ម្ល៉េះ​គេ​ត្រូវ​ដោះលែង​លោក ឲ្យមាន​សេរីភាព ជា​ស្វ័យប្រវត្តិ ៦​ខែ​មុន​នោះ​បាត់ទៅហើយ ព្រោះ​ឃុំ​យ៉ាងយូរ​បានតែ​១៨​ខែ​ទេ បើ​អត់​មាន​ការកាត់ទោស ដូច្នេះ​។​ប៉ុន្តែ​ឥឡូវ​២៤​ខែ​ហើយ​មកដល់​ថ្ងៃនេះ ។ 

​ចំណែក​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​មនុស្ស​ជំនិត​នឹង​លោក​កឹម សុខា ដែរ ក៏​ហៅ​ការ​ចាប់ឃុំខ្លួន និង​ឃុំខ្លួន​លោក​កឹម សុខា គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​បំផុត ដែរ​។​អយុត្តិធម៌​ដែល​លោក​អះអាងថា អាជ្ញាធរ​គ្រាន់តែ​យក​សារ វី​ឌី​អូ ដ៏​គ្មាន​ខ្លឹមសារ​អ្វី​ធំដុំ មក​ធ្វើជា​មូលហេតុ​នៃ​ការចាប់ខ្លួន​។​

​លោក​បាន​អំពាវនាវ​ដល់​តុលាការ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែពិចារណា​ក្នុង​ការផ្តល់​ភាព​ស្អាតស្អំ និង​សេរីភាព​ជូន​លោក​កឹម សុខា វិញ​។​

​សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​កាលពី​រាត្រី​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ការឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ប្រមាណ​១​ឆ្នាំ លោក​កឹម សុខា ក៏​ត្រូវបាន​ផ្ទេម​កឃុំខ្លួន​ក្នុងផ្ទះ រហូតមក​ពេលនេះ​៕

ព័ត៌មានផ្សេងទៀត