ប្រតិភូ​សាលា​គោលនយោបាយ​សាធារណៈ​​​ លី ក្វាន់​យូ​ ​បង្ហើប​ពី​ការផ្តល់​អាហារូបករណ៍​​ដល់​កម្ពុ​ជា​នៅ​ឆ្នាំ​២០២០​

03-09-2019 11:14 am 117

​នា​ថ្ងៃទី​០២ ខែ​កញ្ញា លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​ជួប​ប្រតិភូ​សាលា គោលនយោបាយ សាធារណៈ លី ក្វាន់​យូ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) ដែលមាន​លោក Louis Low និង​លោកស្រី Tiffany Wan ដើម្បី​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ​លើ​គម្រោង សហប្រតិបត្តិការ​បណ្តុះ បណ្តាល ធនធាន មនុស្ស ដើម្បី​ពង្រឹងគុណភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាជន​ឱ្យបាន​កាន់តែ​ប្រសើរ​។ 

​នៅក្នុង​កិច្ចពិភាក្សា​នេះ​លោក Louis Low បានបង្ហាញ​ពី​ការផ្តល់​អាហារូបករណ៍​ដល់​ប្រជាជន​កម្ពុជា សម្រាប់​ការ សិក្សា​នៅ​សាលា​គោលនយោបាយ​សាធារណៈ នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ឆ្នាំ​សិក្សា​២០២០​។​ជាមួយគ្នានេះ លោក Louis Low បាន​បញ្ជាក់ថា សាលា​គោលនយោបាយ​សាធារណៈ លី ក្វាន់​យូ នៅក្នុង​ឆ្នាំ​២០១៩ និង ២០២០ ក៏បាន​បង្កើត​វគ្គ​សិក្សា​ខ្លី​សម្រាប់​មន្ត្រីជាន់ខ្ពស់​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី និង​កម្មវិធីសិក្សា​កម្រិត បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ផងដែរ​។​

​នៅ​ក្នុងឱកាស​នោះដែរ​លោក​សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស របស់ សាលា​គោលនយោបាយ​សាធារណៈ លី ក្វាន់​យូ ហើយ​បាន​ចាត់ទុកថា មន្ត្រីរាជការ មិន​ត្រឹមតែ​ចេះ បំពេញការងារ​តាម​ជំនាញ​នោះទេ តែ​ក៏ត្រូវ​ចាំបាច់​មាន​ការពិចារណា​ខ្ពស់ និង​ការយល់ដឹង​ពី​តម្រូវការ របស់​ប្រជាពលរដ្ឋ ថែមទៀត ដើម្បី​ជួយ​កសាង​សង្គម ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត ដល់​មន្ត្រី រាជការ ចូលរួម​ពង្រីក​សមត្ថភាព និង​ចំណេះដឹង មិន​ត្រឹមតែ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន ឬ​នៅតាម ការិយាល័យ នោះទេ ក៏ត្រូវ​ចូលរួម​ឈ្វេងយល់​បន្ថែម​ពី​បរិបទ​ថ្មីៗ របស់​សង្គម​ខាងក្រៅ ទាំង​ក្នុងប្រទេស និង​នៅលើ​ពិភពលោក​។ 

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​សម្រាប់​វិស័យ​អប់រំ​ជាន់ខ្ពស់ ដូចជា​ការ អញ្ជើញ សាស្ត្រាចារ្យ​ល្បីៗ​ពី​សាលា​គោលនយោបាយ​សាធារណៈ​លី ក្វាន់​យូ មក​ធ្វើ​បាឋកថា​សម្រាប់​មន្ត្រីរាជកា​រ ក៏ដូចជា សាស្ត្រាចារ្យ និង​និស្សិត​នៅ​កម្ពុជា​ផងដែរ​។​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) និង​សាលា​គោល នយោបាយ សាធារណៈ លី ក្វាន់​យូ គឺ​ស្ថិតក្នុង​ចំណោម​សាកលវិទ្យាល័យ និង​សាលា​ដែល​ល្អ​បំផុត​នៅ​អាស៊ី និង​មាន​ចំណាត់ ថ្នាក់ខ្ពស់​ដែរ ធៀប​នឹង​សាលា​គោលនយោបាយ​សាធារណៈ ជុំវិញ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត