លោក កឹម សុខា ស្នើ​អ្នកនយោបាយ​បញ្ឈប់​នយោបាយ​យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង​

02-09-2019 8:42 pm 600
  ស្តាប់
ស្តាប់ជាសំឡេង

​អតីត​មេ​ដឹក​គណបក្សប្រឆាំង លោក កឹម សុខា នៅ​រសៀល​ថ្ងៃ​ទី​២ កញ្ញា ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការឃុំខ្លួន ដោយ​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ​បញ្ឈប់​នយោបាយ​យក​ឈ្នះ​ចាញ់​ខ្មែរ​គ្នា​ឯង ។ សារ​មួយ​ដែល​លោក​បាន​បញ្ជាក់ គឺថា អ្នកដឹកនាំ​ដែល​មាន​គុណធម៌ មិន​ដែល​រុញច្រាន​ឱ្យ​អ្នកគាំទ្រ​ខ្លួន ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ...

​លោក កឹម សុខា បាន​ថ្លែង​ទាំង​ខ្លួន​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ឡើយ ស្នើ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​បញ្ឈប់​នូវ​នយោបាយ​យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង ដោយ​យក​ប្រជាពលរដ្ឋ​និង​ជោគវាសនា​ប្រទេសជាតិ​ជា​ឈ្នាន់ ឬ​ជា​របាំង​តទៅទៀត ព្រោះ​ថា​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​បាន​ឈឺចាប់​គ្រប់គ្រាន់​ហើយ ។​

​ថ្លែង​ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២ កញ្ញា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បានសរសេរថា នៅ​យប់​នេះ កាលពី​២​ឆ្នាំមុន កងកម្លាំងប្រដាប់អាវុធ​បាន​សម្រុកចូល​ចាប់ខ្លួន​លោក ក្នុង​គេហដ្ឋាន​របស់​លោក​ទាំង​កណ្តាល​អធ្រាត្រ ដោយ​បំបែក​លោក​ចេញ​ពី​ភរិយា ទាំង​គាត់​មិន​បាន​ដឹងថា​គេ​ចាប់​លោក​យក​ទៅ​ទីណា ហើយ​ធ្វើ​អ្វី​លើ​រូបលោក ។​

​លោក​បញ្ជាក់ថា លោក​បាន​ស្គាល់​ច្បាស់​អំពី​ការឈឺចាប់​ដែល​ត្រូវបាន​គេ​ចាប់​ដោយ​អយុត្តិធម៌ ហើយ​រឹតតែ​ដឹង​ច្បាស់​ថា អ្នក​ដែល​ខ្លោចផ្សា​បំផុត គឺ​ក្រុម​គ្រួសារ​ដែល​មិនដឹងថា​គេ​ចាប់​យក​ឪពុក​និង​ស្វាមី​ទៅណា ។​

​លោក កឹម សុខា បន្តថា លោក​បានដឹងហើយថា ជីវិត​ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ក្នុងតួនាទី​ជា​មេដឹកនាំ​បក្សប្រឆាំង នឹង​អាច​នាំមក​នូវ​គ្រោះថ្នាក់ និង​ការឈឺចាប់​រាប់មិនអស់ ក៏ប៉ុន្តែ លោក​បាន​បញ្ជាក់បន្ថែម​ថា លោក​ស្ម័គ្រចិត្ត​នឹងធ្វើ​ពលិកម្ម​ជូន​ជាតិ ព្រោះ​លោក​ដឹងថា តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុស​ពី​ចៅហ្វាយ ឬ​ថៅកែ ដែល​អ្នកដឹកនាំ គឺជា​អ្នក​ដែល​លះបង់​មុនគេ និង​ច្រើនជាងគេ ដើម្បី​ជា​គំរូ​ដល់​អ្នកគាំទ្រ ។​

​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នេះ ក៏​បាន​បញ្ជាក់ថា អ្នកដឹកនាំ​ដែល​មាន​គុណធម៌ មិន​ដែល​រុញច្រាន​ឱ្យ​អ្នកគាំទ្រ​ខ្លួន ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ ។ 

​លោក​បន្តថា លោក​តែង​ជ្រើស​យក និង​តែង​ណែនាំ​ឱ្យ​កូន​ខ្មែរ ធ្វើ​ការតស៊ូ​ដោយ​អហិង្សា ទោះបីជា​ការតស៊ូ​នោះ ត្រូវ​ធ្វើឱ្យ​លោក​រងគ្រោះ​ក៏ដោយ លោក​សុខចិត្ត​ទទួល ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់ ដោយ​មិន​ទុក​ឱ្យ​អ្នកគាំទ្រ​យក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក​រហូត​ទេ ។​

​លោក កឹម សុខា អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​នៅ​កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ លោក​ត្រូវបាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ អស់​រយៈពេល​២​ឆ្នាំ​មកហើយ គិត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំនេះ​។​

​អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ឃុបឃិត​ជាមួយ​បរទេស​» ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​បទ​ក្បត់ជាតិ ។ លោក​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា មានទោស ៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត