រដ្ឋមន្ដ្រីមួយរូបរបស់ប៉ាគីស្ថានបានប្រកាសព្រមានថា ប៉ាគីស្ថានអាចបើកការវាយប្រហារដោយប្រើនុយក្លេអ៊ែរលើប្រទេសឥណ្ឌាបាន។ ការលើកឡើងដូច្នេះហាក់ដុតឲ្យភ្លើងកំហឹងឆេះកាន់តែខ្លាំង ខណៈប៉ាគីស្ថាននិងឥណ្ឌាកំពុងផ្ទុះភាពតានតឹងស្រាប់។ ចាប់តាំងពីឥណ្ឌាប្រកាសដកស្វ័យភាពនៅតំបន់កាស្មៀ ហើយអាចនឹងមានផែនការដាក់ពង្រាយទ័ពនៅទីនោះ ប៉ាគីស្ថានកាន់តែមិនសប្បាយចិត្ដ។ ប៉ាគីស្ថានថាឥណ្ឌាធ្វើដូច្នេះជាប្រកាសលុបចោលការយោគយល់ទៅវិញទៅមក រឿងអីដែលប៉ាគីស្ថានត្រូវតាមលួងលោមឥណ្ឌាគ្រប់ពេល។
លោករដ្ឋមន្ដ្រីSheikh Rashid Ahmedបញ្ជាក់បន្ថែមថា ពេលវេលាសម្រាប់ការតស៊ូដើម្បីទាមទារសេរីភាពចុងក្រោយបានមកដល់ហើយ ហើយសង្គ្រាមជាមួយប្រទេសឥណ្ឌានឹងក្លាយជាជម្រើសចុងក្រោយសម្រាប់ពេលនេះ។ លោកអះអាងថាប៉ាគីស្ថានមានគ្រាប់បែកផ្ទុកនុយក្លេអ៊ែរចន្លោះពី១២៥-២៥០ក្រាម អាចបំផ្លាញអ្វីដែលប៉ាគីស្ថានចង់បំផ្លាញបាន។ លោកក៏ព្រមានទៅនាយករដ្ឋមន្ដ្រីឥណ្ឌាថា បើអាចគួរតែចៀសឲ្យផុតពីសង្គ្រាម។ ការចរចាពិតជាអាចទៅរួចប្រសិនឥណ្ឌាចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយបញ្ចប់ជម្លោះនៅកាស្មៀ តែបើឥណ្ឌាចង់ធ្វើសង្គ្រាមនោះឥណ្ឌាអាចបែកទៅជា២២ផ្នែក។
លោកAhmedត្រូវបានគេដឹងថា ធ្លាប់បាននិយាយបង្កភាពចម្រូងចម្រាសរួចមកហើយកន្លងមក។ កាលពីសប្ដាហ៍មុនលោកបានសន្និដ្ឋានថាសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌា អាចផ្ទុះឡើងក្នុងរង្វង់ខែវិច្ឆិកា ស្របពេលមានរបាយការណ៍ថា មានការដាក់ពង្រាយកងទ័ពនៅជិតតំបន់ព្រំដែនជាមួយឥណ្ឌា។ កាលពីថ្ងៃអង្គារសប្ដាហ៍មុនប៉ាគីស្ថានបានចល័តទ័ព និងក្រុមកុម្មង់ដូពិសេសទៅកាន់តំបន់ជួរមុខព្រំដែនផងដែរ។ ប្រភពមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការដាក់ពង្រាយទ័ពបញ្ជាក់ថា ភាពចម្រូងចម្រាសនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌាកំពុងក្លាយជាជម្លោះរយៈពេលខ្លីហើយ។
សូមរម្លឹកថា ភាពតានតឹងរវាងប្រទេសនុយក្លេអ៊ែរទាំងពីរ កើនឡើងកាន់តែខ្លាំងចាប់តាំងពីទីក្រុងញូវដេលីរបស់ឥណ្ឌា បានធ្វើវិសោធនកម្មមាត្រា៣៧០ ដែលបានផ្ដល់ឋានៈពិសេសដល់ក្រុងចាមមូនិងក្រុងកាស្មៀ។ កាស្មៀគឺជាឆ្អឹងនៃជម្លោះចាប់តាំងពីតំបន់នេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧។ រដ្ឋាភិបាលប្រទេសទាំងពីរបានគ្រប់គ្រងតំបន់កាស្មៀម្ខាងម្នាក់ ប៉ុន្ដែមិនភ្លេចឡើយចេតនាចង់បានមកគ្រប់គ្រងទាំងមូល៕