មនុស្ស​ជាង​១០០​នាក់​​ស្លាប់​ក្នុង​ការវាយប្រហារ​​តាម​អាកាស​​នៅ​យេមែន​

02-09-2019 10:20 am 250
ក្រុមជួយសង្គ្រោះកំពុងអន្ដរាគមន៍​ក្រោយកើតហេតុ

​គណៈកម្មការ​កាកបាទ​ក្រហម​អន្ដរជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​តាម​ជើង​អាកាស​ក្នុងប្រទេស​យេមែន ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​។ ក្រុម​សម្ព័ន្ធ​អារ៉ាប់​ដែល​បើក​ការវាយប្រហារ​បានឲ្យដឹងថា គោលដៅ​វាយប្រហារ​របស់​ពួកគេ​គឺ​ទីតាំង​គ្រប់គ្រង​ក្រុម​ឧទ្ទាម​ហូ​ធី ដែលជា​កន្លែង​ផ្ទុក​យន្ដហោះ​គ្មាន​មនុស្ស​បើក​និង​មី​ស៊ី​ល​។ ប៉ុន្ដែ​ក្រុម​ឧទ្ទាម​បាន​និយាយថា​ការវាយប្រហារ​នេះ ធ្វើឡើង​ទៅលើ​អគារ​ដែល​ពួកគេ​យក​ធ្វើជា​ពន្ធនាគា​រដាក់​អ្នកទោស​ទេ​។​

​តាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ អ្នក​ជាប់ឃុំ​៥២​នាក់​ស្ថិតក្នុង​ចំណោម​អ្នកស្លាប់​ទាំងអស់ ដែលមាន​៦៨​នាក់​កំពុង​បន្ដ​បាត់​ខ្លួន​នៅឡើយ​។ អង្គការសហប្រជាជាតិ​អះអាងថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​បន្ដទៀត​។ 

​សូម​រម្លឹកថា សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត ចាប់ផ្ដើម​គាំទ្រ​រដ្ឋាភិបាល​យេមែន​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់ពី​ក្រុម​ឧទ្ទាម​ហូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ វាយលុក​ប្រឆាំង​រដ្ឋាភិបាល​យេមែន និង​បាន​ចូល​កាន់កាប់​តំបន់​ភាគ​ខាងជើង​ប្រទេស ដោយបាន​កាន់កាប់​ទីក្រុង​សា​ណា​និង​តំបន់​ផ្សេងៗ​ទៀត​។ រហូតដល់​បច្ចុប្បន្ន​ជម្លោះ​នៅក្នុង​ប្រទេស​យេមែន មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ទេ​៕

ព័ត៌មានផ្សេងទៀត