ជប៉ុន​ចេញ​​ការព្រមាន​​ពី​អាវុធ​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

02-09-2019 9:58 am 278
រូបភាព​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង

​ក្រសួង​ការពារជាតិ​ជប៉ុន​ថ្មីៗ​នេះ​បានចេញ​ការព្រមាន​មួយ​ថា កូរ៉េខាងជើង​ប្រហែល​បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូចៗ​បាន​គ្រប់គ្រាន់​ហើយ ដើម្បី​បំពាក់​លើ​មី​ស៊ី​ល​ផ្លោង​។ ការព្រមាន​របស់​ជប៉ុន​ធ្វើឡើង​នៅក្នុង​ពង្រាង​នៃ​របាយការណ៍​ប្រចាំឆ្នាំ​មួយ ដោយ​និយាយថា​កូរ៉េខាងជើង​នឹង​បន្ដ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ទៀត​។ របាយការណ៍​ក៏​ចង្អុលបង្ហាញ​ពី​ការបន្ដ​គាំទ្រ ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​កូរ៉េខាងជើង​មិន​បានប្រកា​ស​ឲ្យដឹង​។ ជប៉ុន​កត់សម្គាល់​ទៀតថា កូរ៉េខាងជើង​បាន​បង្ក​ការគំរាមកំហែង​មិន​ធ្លាប់មាន ដែល​កំពុង​កើតឡើង​ហើយ​ដល់​សន្ដិសុខ​ជប៉ុន​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​៧​លើក​។ តាម​ការបញ្ជាក់​ពី​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង លោក​ព្រមាន​ថា​ការធ្វើ​តេស្ដ​ដើម្បី​គំរាម​ដល់​សមយុទ្ធ​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​ប្រចាំ​ឆ្នាំនេះ ជា​ការគំរាមកំហែង​ដល់​សន្ដិសុខ​កូរ៉េខាងជើង ទោះបី​កូរ៉េខាងត្បូង​និង​អាមេរិក​ប្រកែក​យ៉ាងណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត