សង្គ្រាម​ពាណិជ្ជកម្ម៖អាមេរិក​និង​ចិន​បន្ត​តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​

01-09-2019 1:38 pm 232

ដូចផែនការដែលបានកំណត់ ​នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​លោក​ដូណាល់ ត្រាំ បានចាប់ផ្តើម​តំឡើង​ពន្ធ​ជាថ្មី​លើ​ទំនិញ​ចិន​នាំចូល​ទីផ្សារ​អាមេរិក ចំនួន​១៥​ភាគរយ មានតម្លៃ​ជា​ទឹកប្រាក់ ចំនួន​១២៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការផ្លាស់ប្តូរ​នេះ គឺជា​ដំណាក់កាល​ដំបូង នៃ​ផែនការ​ចុងក្រោយ របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ការដាក់​ពន្ធ ១៥ ភាគរយ លើ​ការនាំ​ចូល​របស់​ចិន​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំនេះ​។ ទំនិញ​ដែល​ស្ថិតនៅក្នុង​តារាង​តំឡើង​ពន្ធ​ថ្មី រួម​មានដូចជា ឧបករណ៍ប្រើប្រាស់​ប្រភេទ​ជា Bluetooth, Speakers និង កាស់ ព្រមទាំង​ឧបករណ៍​ជាច្រើន​ផ្សេងទៀត​។​

​ជា​ផ្នែក​មួយ​នៃ​ការ​សងសឹក ចិន​ក៏​ចាប់ផ្តើម​តំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​ដែរ នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​។ ទីក្រុង​ប៉េកាំង​នឹង​តំឡើង​ពន្ធ​លើ​ប្រេង​ឆៅ​អាមេរិក​ចំនួន​៥​ភាគរយ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ចិន​កំណត់​គោលដៅ តំឡើង​ពន្ធ​លើ​ប្រេង​ឆៅ​អាមេរិក ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំងពីរ​លើ​លោក រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅ​។ ទីក្រុង​ប៉េកាំង​និយាយថា ខ្លួន​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុងការ​សងសឹក តែ​ទន្ទឹមនឹងនោះ​ក៏​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ការចរចា​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម ព្រោះ​ការធ្វើ​បែបនេះ មានតែ​ការខាតបង់​ប្រយោជន៍​ទាំងសងខាង​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ការតំឡើង​ពន្ធ​មិន​បញ្ចប់​ត្រឹមនេះ​នោះទេ ដ​រ៉ាប​ណា​មន្ត្រី​នៃ​ប្រទេស​ទាំងសងខាង នៅ​មិនទាន់​អាច​បញ្ចប់​ការចរចា ស្វែងរក​ដំណោះស្រាយ ដោយ​ជោគជ័យ​។ ដ្បិត​ការតំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​កំពុង​បន្ត​ក្តី ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក បានផ្តល់​សញ្ញា​វិជ្ជមាន ថា​នឹងមាន​ការជួបពិភាក្សាគ្នា​ទៀត​នៅក្នុង​ខែកញ្ញា​នេះ​។ 

​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ លោក​ដូណាល់ ត្រាំ​បានដាក់​សម្ពាធ​លើ​ចិន ឲ្យ​កែសម្រួល​ក្បួន​រកស៊ី ធ្វើ​យ៉ាង​ឲ្យ​ណា​ឲ្យ​មាន​ភាពយុត្តិធម៌ តាមរយៈ​ការតំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​។ ប្រទេស​ចិន បាន​បដិសេធ​រាល់​ការចោទប្រកាន់​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែលថា​ខ្លួន​ចូលរួម​ក្នុង​ការអនុវត្ត​ពាណិជ្ជកម្ម​បែប​អយុត្តិធម៌ ហើយ​ប្តេជ្ញា​ចាត់វិធានការ​ឆ្លើយតប​វិញ និង​រិះគន់​វិធានការ​របស់​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ដាក់ខ្លួន​សព្វថ្ងៃនេះ ថា​ជា​អ្នក​គាំពារ​និយម​៕

ព័ត៌មានផ្សេងទៀត