សាលាក្រុង​ត្រៀម​រថយន្ត​១២០​គ្រឿង​សម្រាប់ដឹកជញ្ជូន​ពលរដ្ឋ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​

01-09-2019 12:04 pm 365

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ១២០​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនីសិស្ស និស្សិត ទាំងអស់​ដែល​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត សម្រាប់​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩ ។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា ចំពោះ​ទីតាំង​ចេញដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​តាម​ផ្លូវជាតិ​ទាំង​៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​ដូច​ខាងក្រោម​៖

១.​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​សាធារណៈ​១០​គ្រឿង​សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កណ្តាល ស្វាយរៀង ព្រៃវែង​។​សម្រាប់​បណ្តា​ខេត្ត​ដែល​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​១​នេះ អាច​រង់ចាំ​គោលដៅ​ចេញដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ី​ដែស​)​និង​រង់ចាំ​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ចំណតរថយន្ត​ទី​រួម​ខេត្ត​ស្វាយរៀង និង​ព្រៃវែង 

២.​សម្រាប់​ខេត្ត​តាកែវ​វិញ សាលាក្រុង​បាន​រៀបចំ​រថយន្ត​ចំនួន ៥​គ្រឿង​សម្រាប់​ដឹកជញ្ជូន​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្តតាកែវ ហើយ​អាច​រង់​គោលដៅ​ចេញដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ី​ដែស​)​និង​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​មក​វិញ នៅ​ចំណត​រង្វង់​មូល​អូរ​ចំ​បក់​

៣.​ចំពោះ​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កែប កំពត កំពង់ស្ពឺ សាលាក្រុង​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ១៣​គ្រឿង ហើយ​អាច​រង់​គោលដៅ​ចេញដំណើរ​នៅ​ស្ថានីយ​ចំណត​រថយន្ត​ផ្លូវ​២០០៤ ជាប់​របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស​(​ចម្ងាយ​ពី​ស្តុប​ស៊ិន​ជូរី ផ្លា​ហ្សា ប្រមាណ​២​គ​.​ម​) និងរង់​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​មក​វិញ នៅ​ចំណត​សាលាបឋមសិក្សា​ដំណាក់​ចង្អើរ​,​ចំណត​រថយន្ត​ទី​រួម​ខេត្តកំពត និង​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ​

៤.​ចំណែក​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ សាលាក្រុង​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ៧​គ្រឿង​សម្រាប់​ដឹកជញ្ជូន ហើយ​អាច​រង់​គោលដៅ​ចេញដំណើរ​នៅ​ស្ថានីយ​ចំណត​រថយន្ត​ផ្លូវ​២០០៤ ជាប់​របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស​(​ចម្ងាយ​ពី​ស្តុប​ស៊ិន​ជូរី ផ្លា​ហ្សា ប្រមាណ​២​គ​.​ម​)​និង​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​មក​វិញ​នៅ​ចំណត វេទិកា ៧​មករា ខេត្ត​ព្រះសីហនុ​

៥.​រី​ឯ​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សាលាក្រុង​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​មាន​ចំនួន ៤៥​គ្រឿង ហើយ​ត្រូវ​រង់ចាំ​គោលដៅ​ចេញដំណើរ​នៅ​សួន​ឫស្សីកែវ (​រាជធានី​ភ្នំពេញ​)​និង​រង់ចាំ​គោលដៅ​ចេញដំណើរ​មក​វិញ​នៅ​ចំណតរថយន្ត​ផ្សារលើ​,​ទីតាំង​បុរី​ឧកញ៉ា​ភូ ប៉ុយ ចំណត​ផ្សារ​ប៉ុមប៉ុ​យ និង​ចំណតរថយន្ត​ថ្មី​ក្រុង​សេរី​សោភ័ណ​

៦.​ដោយឡែក​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ធំ និង​សៀមរាប សាលាក្រុង​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ២០​គ្រឿង ហើយ​អាច​រង់ចាំ​គោលដៅ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ នៅ​រង្វង់​មូល​ទេព​មច្ឆា​(​ជ្រោយចង្វារ​) និង​រង់ចាំ​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​វិញ នៅ​ភោជនីយដ្ឋាន​ស្ទឹងសែន និង​ផ្លូវ​៦០​ម៉ែត្រ ខេត្ត​សៀមរ​រាប​

៧.​បងប្អូន​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ស្ទឹងត្រែង សាលាក្រុង​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ២០​គ្រឿង និង​រង់ចាំ​គោលដៅ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ នៅ​មុខរា​ជាយ​ស្ម័យ​យាន ហើយ​រង់ចាំ​គោលដៅ​ចេញដំណើរ​ពី​ខេត្ត​វិញ នៅ​ចំណតរថយន្ត​ខេត្ត​,​ចំណត​ផ្សារ​សួង​,​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​(​រង្វង់​មូល​ព្រាប​ស​)​និង​ចំណតរថយន្ត​ខេត្ត​ស្ទឹងត្រែង​៕
 

ព័ត៌មានផ្សេងទៀត