ក្រសួង​សេដ្ឋកិច្ច​ដាក់​វិធានការ​ចំពោះ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ​

01-09-2019 12:01 pm 136
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​កិច្ចប្រជុំ​ដាក់​វិធានការ​ក្នុង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​បញ្ចៀស​ការលិចលង់​ក្រុង​កម្រិត​ធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង និង កំណើន​ប្រជាជន ការចាក់​បំពេញ​ដី​ខុស​ច្បាប់​លើ​អូរ​ធម្មជាតិ ធ្វើឲ្យ​ប្រព័ន្ធ​លូ​រំដោះទឹកមិន​អាចឆ្លើយត​បនឹង​បញ្ហាដ៏​គំហុ​កនេះ​។

លទ្ធភាព​ទ្រទ្រង់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រូវបាន និង​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ខេត្ត​ព្រះសីហនុ ខណៈ​បញ្ហា​គុណភាព និង​សមត្ថភាព​ទ្រទ្រង់​ផ្លូវថ្នល់​ក្នុង​ក្រុង​ក៏​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ទើប​ក្រសួង​សេដ្ឋកិច្ច បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ដាក់​វិធានការ​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ ។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៨ សីហា ក្រសួង​បាន​សម្រេច​ដាក់​វិធានការ​បី​បន្ទាន់​មាន​ជាអាទិ៍ ទី​១ ការងារ​បន្ទាន់ និង កិច្ច​ការងារ​អាទិភាព គឺ​ត្រូវ​ស្ដារ​អូរ​ធម្មជាតិ​ទាំង ៥ និង លូ ដែល​កំពុង​រង​ការរំលោភ​យក​ចំណី​អូរ និង​ប្រឡាយ ដើម្បី​បើក​មុខទឹក​ហូរ និង​រំដោះ​ជំនន់​ទឹកភ្លៀង ចំពោះ​សំណង់​អគារ ឬ​លំនៅដ្ឋាន​ដែល​សង់​រំលោភ​លើ​លូ​ត្រូវ​រុះរើ​ចេញ​ជា​ដាច់ខាត​។​

​វិធានការ​ទី​២ បង្កើនល្បឿន​ការស្ដារ និង​ជួលជុល​កំណាត់​ផ្លូវ​ទាំង​២២​ខ្សែ ដោយ​ក្រុមការងារ​ដែល​ទទួលបន្ទុក​សិក្សា​ពី​តម្រូវការ​ជួសជុល​នៃ​កំណាត់​ផ្លូវ​ទាំងនេះ ដោយសារ​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់ ការបំពាន​ចំណី​ផ្លួវ​ជា​ដើម​។ 

​វិធានការ​ទី​៣ ដែល​ជា​វិធានការ​រយៈពេល​វែង គឺ​ការកសាង​ស្ថានីយ​ចម្រោះ​ទឹក​កង្វក់ និង ពង្រីក​ប្រព័ន្ធ​លូ និង តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងទៀត និង​ដាក់បញ្ចូល​ក្នុង​ការសិក្សា​ផែនការមេ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​វិញ​សំដៅ​ប្រសិទ្ធភាព និង ចីរភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។ 

​សូមបញ្ជាក់​ថា ការ​ដាក់​ផែនការ​ស្ដារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ធ្វើឡើង​ក្រោយ​ពី​ការព្យាករណ៍​ថា​ទឹក​កង្វក់​នៅ​ក្រុងព្រះសីហនុ​នឹង​កើនឡើង​ដល់ ៤៧.០០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ ហើយ​នឹង​បន្ត​កើនឡើង​ដល់ ៦៤.០០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០៣០ ដែល​ទាមទារ​ឲ្យមាន​ប្រព័ន្ធ​រំដោះ​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ៕

ព័ត៌មានផ្សេងទៀត